ព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅមន្ទីរពេទ្យបង្អែកសម្តេចឳ សម្តេចម៉ែ បានរៀបចំកម្មវិធីនៃការចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ( គ.វ.ជ) ។ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈ តាមរយៈការផ្តល់ ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។
មានមតិចំណាប់អារម្មណ៍ លោក ជិន ប៊ុនធឿន បានលើកឡើងថា ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ បានចូលរួមចំណែកជួយគាំទ្រ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ចែកអំណោយដល់អ្នកជំងឺក្រីក្រដែលមកប្រើសេវានៅមន្ទីរពេទ្យ សហការក្នុងការបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរទៅមន្ទីរពេទ្យថ្នាក់ជាតិ ផ្សព្វផ្សាយសេវាមន្ទីរពេទ្យ និងប្រមូលគៀងគរប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង។ល។
នាឱកាសនោះ ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការរងក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ការដាក់ចេញនូវការប្រលងប្រជែងវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនេះឡើង មិនមែនគ្រាន់តែជាចលនាបំផុសឱ្យ មានការយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចតាមបណ្តាអង្គភាពផ្តល់សេវាគោលដៅ ដើម្បីទទួលបានជ័យលាភី និងរង្វាន់លើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការបម្រើសេវាផ្ទាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែល្អប្រសើរ នាំឱ្យមានការជឿទុកចិត្ត និងគាំទ្រកាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលបន្ថែមទៀត។ ឯកឧត្ដម បានស្នើដល់អាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែក ត្រូវសហការណ៍អោយបានល្អជាមួយគណៈកម្មការថ្នាក់ជាតិ និងត្រូវខិតខិតយកចិត្តទុកដាក់នូវការណែនាំរបស់គណៈកម្មការថ្នាក់ជាតិ ក្នុងការចុះមកពិនិត្យវាយតម្លៃផ្ទាល់ដល់អង្គភាពផងដែរ ៕
