រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានរៀបចំពិធី សំណេះសំណាល អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នំា២០២៥ ក្រោមប្រធានបទ “សិ០ទ្ធិសមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ព្រមទាំងលោក អនុប្រធាន ប្រធានការិយាល័យ អង្គភាពក្រោមឱវាទមន្ទីរទាំងអស់ ។
ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ។ សម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ មូលបទ ជាសកលដែលអង្គការសហប្រជាជាតិបានដាក់ចេញគឺ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ក្នុងគោលបំណងផ្តល់សិទ្ធិ អំណាច និងកាលានុវត្តភាពស្មើភាពគ្នាទៅដល់ស្ត្រីគ្រប់រូប ជាពិសេសគឺការផ្តល់សិទ្ធិអំណាច ដល់កុមារី និងយុវនារីជំនាន់ក្រោយ ។
ថ្លែងក្នុងអង្គពិធីទាំងមូល លោកប្រធានមន្ទីរបានកោតសរសើរដល់មន្រ្តីរាជការនារីទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនជូនដល់មន្ទីរ និងសង្គមជាតិ នេះជាគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារី ពិតជាបានបង្ហាញឱ្យឃើញអំពីភាពជាថ្នាក់ដឹកនាំស្រ្តីគំរូ និងភាពជាអ្នកម្តាយដែលប្រកបដោយព្រហ្មវិហាធម៌ ចរិយាធម៌ មនុស្សធម៌ដ៏ប្រពៃ មានទឹកចិត្តសណ្តោសប្រោសប្រណី និងជាម្លប់ដល់កូនចៅទាំងអស់គ្នាផងដែរ។
តាំងនាមមន្រ្តីរាជការនារី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេ៧ត្តកណ្ដាល ទាំងអស់ សូមបន្តរក្សា និងបង្កើនឆន្ទៈស្មារតីរួបរួមសាមគ្គីឯកភាពក្នុងរង្វង់ស្ត្រីដូចគ្នា និងប្រើប្រាស់សមត្ថភាព ទេព្យកោសល្យ និងគំនិតថ្នៃប្រឌិតខ្ពស់ក្នុងការបំពេញភារកិច្ច និងនាំយកសមិទ្ធផលការងារជូនមន្ទីរ ក៏ដូចជាសង្គមជាតិយើងទាំងមូលផងដែរ៕
