នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធខួប៨ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។
កាកបាទក្រហមកម្ពុជា ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕








i
