នាព្រឹកថ្ងៃស្រុក១៤រោចខែអស្សុជឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៦ខែតុលាឆ្នាំ២០២០
ឧត្តមសេនីយត្រីសាត គឹមសានបញ្ជាឱ្យកងកម្លាំងនគរបាលទាំងអស់ត្រៀមលក្ខណៈបន្ថែមទៀតដើម្បីចេញអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋគ្រប់ពេលវេលា។
-អនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមទាំងអនុសាសន៍ណែនាំបន្ថែមរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបងនិង
ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងដោយបានពិនិត្យស្ថានភាពជាក់ស្តែងនៃអាកាសធាតុ នាពេលនេះនិងពេលជាបន្តបន្ទាប់ទៀត លោកឧត្តមសេនីយ៍ត្រី សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅដល់គ្រប់អង្គភាពចំណុះស្នងការដ្ឋានត្រូវប្រមូលផ្តុំកងកម្លាំង បំពាក់ដោយមធ្យោបាយ សម្ភារៈបន្ថែមទៀតសម្រាប់ចេញអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសត្វពាហនៈរបស់គាត់ទៅកាន់ទីទួលសុវត្ថិភាពភ្លាមៗក្នុងករណីមានគ្រោះធម្មជាតិកើតឡើង ។
សូមជម្រាបជូនថាអំឡុងពេលនេះស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបង ហាក់បីដូចមានការធូរស្រាលជាងមុនបន្តិចបណ្តើរៗហើយក៏ប៉ុន្តែដោយសារស្ថានភាពអាកាសធាតុនៅតែបន្តមានភ្លៀងធ្លាក់នៅតាមមូលដ្ឋានជាបន្តបន្ទាប់ដូចសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិង
ឧតុនិយម រាល់ការអនុវត្តចាំបាច់មន្រ្តីនគរបាលគ្រប់អង្គភាពត្រូវត្រៀមលក្ខណៈមធ្យោបាយសម្ភារៈគ្រប់គ្រាន់ដើម្បីចេញធ្វើអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋដែលទទួលរងគ្រោះទាន់ពេលវេលា។
ក្រៅពីនេះមន្រ្តីនគរបាលត្រូវបន្តយកចិត្តទុកដាក់គ្រប់ពេលវេលាដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋក្រែងមានជនល្មើសឆ្លៀតឱកាសធ្វើសកម្មភាព លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះនៅតាមមូលដ្ឋានផង៕







