នៅថ្ងៃចន្ទ៣កើតខែកត្តិតឆ្នាំជូតទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះ ឯកឧត្តមលឹម គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេសនិងលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យដែលតំបន់ទំនាបខ្លះបានលិចលង់និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀងដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ជាមួយនិងលំហូរទឹកពីផ្នែកខាងលើពីភាគីថៃបន្ថែមហើយពេលនេះកំពុងស្ថិតនៅជ្រលងវិសម្ពាធទាបនឹងមានភ្លៀងធ្លាក់បន្តទៀតរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
នៅក្នុងដំណើរបេសកកម្មពិនិត្យនិងអន្តរាគមន៍ដោះស្រាយជំនន់ទឹកភ្លៀងនៅបណ្តាខេត្តតំបន់ខាងលើឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ថា ក្រសួងបានចាត់បញ្ជាតាមដានជាប់ជាប្រចាំដោយបើករាល់បណ្តាទ្វារទឹកផ្នែកខាងលើ សម្រាប់សម្រួលចរន្តទឹកហូរចុះទៅក្នុងបឹងទន្លេសាបដើម្បីបញ្ជៀសនិងបន្ថយការលិចលង់ តាំងពី០៣ថ្ងៃមុនរួចស្រេចជាក់ស្តែងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាផ្ទាល់ឲ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យប្រើគ្រឿងចក្រកាត់តួទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ដោយផ្តាច់ទំនប់ប្រវែង២០ម៉ែត្រ ដើម្បីកាត់បន្ថយបិរមាណទឹកហូរខ្លាំងកុំឲ្យប៉ះពាល់ និងលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្បែរទំនប់នោះ ។
ជាពិសេសចំពោះការចុះតាមដានស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តីនិងក្រុមការងារក្រសួងរួមជាមួយឯកឧត្តមសេរី កុសលអ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យបានចុះពិនិត្យផ្ទាល់នៅទំនប់អាងទឹកត្រពាំងថ្មក្នុងស្រុកភ្នំស្រុកដែលមានបរិមាណទឹកយ៉ាងច្រើនក្នុងអាងប្រហែល១៦០លានម៉ែត្រគូប (កម្រិតរក្សាទឹកអតិបរមា១៨០លានម៉ែត្រគូប) ដោយទទួលប្រភពទឹកមួយភាគធំពីច្រកគោករមៀត(អូរកំបុត)និងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នាពេលកន្លងមកពេលនេះក្រុមការងារក្រសួងកំពុងបន្តបើកទ្វារទឹកទាំងអស់ រំដោះទឹកឲ្យហូរចុះទៅបឹងទន្លេសាបតាមប្រឡាយមេធំៗចំនួន ០៣ខ្សែ។
ចំពោះស្ថានភាពប្រឈមជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្នឯកឧត្តមរដ្ឋមន្រ្តីថ្នាក់ដឹកនាំក្រសួងជាប្រធានមុខព្រួញនិងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមតាមបណ្តាខេត្តពាយ័ព្យបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនិងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំថែមទាំងបានចល័តគ្រឿងចក្រធុនធ្ងន់ សម្ភារ:មកដល់គោលដៅជាច្រើនថ្ងៃហើយដើម្បីការពារនិងបន្ថយផលប៉ះពាល់ឲ្យបានជាអតិបរមាដល់លំនៅដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងផ្ទៃដីដាំដុះរបស់បងប្អូនប្រជាពលរដ្ឋជាមួយគ្នានេះដែរក៏បានត្រៀមលក្ខណ:ជាមុនចំពោះការទប់រក្សាទឹកទុកក្នុងអាងពេលទឹកជំនន់ចាប់ផ្តើមស្រកទៅវិញសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងការងារបង្កបង្កើនផលនាពេលខាងមុខ ៕





