(រាជធានីភ្នំពេញ)
នៅព្រឹកថ្ងៃពុធ៥កើតខែកត្តិតឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២១ខែតុលា ឆ្នាំ២០២០នេះឯកឧត្តមលឹម គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានចូល
រួមអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីចុះជួបសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យខណៈនៅថ្ងៃស្អែកទី២២ខែតុលា ឆ្នាំ២០២០នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀត។
ក្នុងពិធីចុះជួបសួរសុខទុក្ខនិងចែកអំណោយនាព្រឹកនេះពាក់ព័ន្ធនឹងក្រសួងធនធានទឹកនិងឧតុនិយមសម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ឲ្យក្រសួងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលចាប់អនុវត្តសាងសង់សំណង់ទំនប់ស្ពានតាផាន់(ជាស្ពានចាស់បូរាណ)កាត់ផ្លូវជាតិលេខ៥ត្រង់ចំនុចភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណដែលមានរង្វះមាត់ទឹកហូរតូចប្រែក្លាយជាស្ពានធំមានសំណង់ទ្វារទឹកសម្រាប់បើកសម្រួលចរន្តទឹកបន្ថែមដើម្បីការពារ និងបន្ថយផលប៉ះពាល់ទឹកជន់លិចឲ្យបានជាអតិបរិមាដល់លំនៅឋានហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីដាំដុះរបស់បងប្អូនប្រជាពលរដ្ឋ៕






