កំពង់ចាម៖
នារសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២០
ឯកឧត្តមអ៊ុន ចាន់ដាអភិបាលនៃគណៈ
អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលប៉ះពាល់ដល់
ហេដ្ឋារចនាសម្ព័ន្ធនិងលិចលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅភូមិបឹងកុក២សង្កាត់បឹងកុកក្រុងកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធច្រើនរូបទៀត។





ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានចាត់ឲ្យមន្ត្រីជំនាញចុះសិក្សា និងលើកគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងនៅតំបន់នេះដើម្បីចៀសវាងការជន់លិចពេលមានភ្លៀងតែម្ដង។
ឯកឧត្តមអភិបាលខេត្តបានណែនាំអាជ្ញាធរមូលដ្ឋានឲ្យបន្តតាមដានអំពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដើម្បីរកវិធានការដោះស្រាយបានទាន់ពេលវេលាចៀសវាងការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនិងខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះមន្ទីរអង្គភាពជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដាក់ស្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវសម្គាស់ជាកន្លែងទឹកជន់លិច ដើម្បីចៀសវាងការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកដោយមាន
សុវត្តិភាពផងដែរ៕
