នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតស្ទូចត្រីដែលប្រារព្ធធ្វើឡើងនៅឃុំអូរឧកញ៉ាហេងនិងឃុំបឹងតាព្រហ្មស្រុកព្រៃនប់ខេត្តព្រះសីហនុដោយមានការចូលរួមពីលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្តលោកអភិបាលស្រុកនិងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។
យោងតាមរបាយការណ៍របស់ប្រធានក្រុមអ្នកស្ទូចត្រីបានឱ្យដឹងថាក្រុមអ្នកស្ទូចត្រីក្រុងព្រះសីហនុបានបង្កើតឡើងនៅឆ្នាំ២០២០ដែលជាផ្នែកមួយនៃក្រុមអ្នកស្ទូចត្រីកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៤ក្នុងគោលបំណងដើម្បីបំផុសចលនា និងលើកទឹកចិត្តរួមគ្នាការពារនិងអភិរក្សធនធានមច្ឆាជាតិក្រោមប្រធានបទ“រួមគ្នាបំបាត់ការនេសាទខុសច្បាប់”។
ក្រុមអ្នកស្ទូចត្រីក្រុងព្រះសីហនុនេះជាផ្នែកមួយនៃក្រុមអ្នកស្ទូចត្រីកម្ពុជាដែលបានបង្កើតឡើងដើម្បីបណ្ដុះគំនិតអភិរក្សមច្ឆាជាតិ ដែលកំពុង តែរងការបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងពីសំណាក់ជនល្មើស ដែលបានប្រើប្រាស់គ្រប់មធ្យោបាយបំផ្លាញនិរន្តភាពនៃមច្ឆាជាតិកម្ពុជាទាំងនៅតាមទន្លេ បឹងបួរ ព្រែកនិងនៅតាមដែនសមុទ្រកម្ពុជា។
ក្រៅពីបណ្ដុះគំនិតលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះក្រុមអ្នកស្ទូចត្រីកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងថែរក្សាធនធានមច្ឆាជាតិដោយជារៀងរាល់ឆ្នាំ ត្រូវធ្វើពិធីជួបជុំក្រុមអ្នកស្ទូចត្រីដោយបង្កើតជាមូលនិធិរៃអង្គាសគៀងគររកថវិកាដើម្បីជួយឧបត្ថម្ភដល់តំបន់អភិរក្សមច្ឆាជាតិនានាទូទាំងប្រទេស។
ឯកឧត្ដមគួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុបានថ្លែងការកោតសរសើរនិងលើកទឹកចិត្តដល់ក្រុមកីឡាករស្ទូចត្រីទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើងជាពិសេសការបំផុសស្មារតីប្រជាពលរដ្ឋក្នុងការចូលរួមអភិរក្សធនធានធម្មជាតិមច្ឆាជាតិនិងលុបបំបាត់ការនេសាទខុសច្បាប់។
ឯកឧត្តមភិបាលខេត្តបានមានប្រសាសន៍ដ៏មានសារសំខាន់ជូនដល់អង្គពិធីដូចខាងក្រោម៖
ទី១-ការអប់រំ និងការផ្សព្វផ្សាយទប់ស្កាត់អំពើល្មើសគឺពិតជារឿងត្រឹមត្រូវ ហើយខ្ញុំមានការជឿជាក់ថានឹងបានផ្ដល់ឱ្យយើងត្រឡប់មកវិញនូវអត្ថប្រយោជន៍ដោយអ្នកស្ដាប់អ្នកមើលអ្នកចូលរួមនឹងធ្វើតាម និងរួមចំណែកដើម្បីកាត់បន្ថយបទល្មើសនេសាទរបស់យើងតាមរយៈសកម្មភាពទាំងអស់នេះខ្ញុំមានការជឿជាក់យ៉ាងខ្លាំងថាគឺមានប្រសិទ្ធភាព។
ទី២-សូមចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការបំផ្លាញព្រៃលិចទឹកដើម្បីអភិរក្សធនធានមច្ឆាជាតិ។
ទី៣-ការជួយថែរក្សាអនាម័យបរិស្ថាន ដោយ
សំរាមយើងអាចយកទៅបាន ដូច្នេះយើងក៏អាចយកត្រឡប់មកវិញបានដូចគ្នា។
ទី៤-ស្នើឱ្យក្រុមអ្នកស្ទូចត្រីខេត្តព្រះសីហនុក៏ដូចជាក្រុមអ្នកស្ទូចត្រីកម្ពុជារៀបចំក្បួនខ្នាត លក្ខន្តិកៈនិងគោលការណ៍នៃការប្រកួតប្រជែងឱ្យបានច្បាស់លាស់ដេីម្បីឈានទៅចូលរួមក្នុងកម្មវិធីផ្សេងៗទាំងថ្នាក់ជាតិនិងថ្នាក់តំបន់។ទន្ទឹមនេះនៅក្នុងឱកាសបុណ្យសមុទ្រដែលខេត្តព្រះសីហនុនឹងប្រារព្វនៅឆ្នាំ២០២១ស្នើសុំបញ្ចូលកម្មវិធីប្រកួតស្ទូចត្រីនៅក្នុងរបៀបវារៈផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកានិងពានរង្វាន់ទៅដល់ក្រុមស្ទូចត្រីដូចខាងក្រោម៖
-ជាប់លេខ១ទទួលបាន១លានរៀល
-ជាប់លេខ២ទទួលបាន៦០ម៉ឺនរៀល
-ជាប់លេខ៣ទទួលបាន៤០ម៉ឺនរៀល
-ជាប់លេខ៤ទទួលបាន៣០ម៉ឺនរៀល
និងឧបត្ថម្ភកម្មវិធីចំនួន២លានរៀល៕









