ថ្ងៃសៅរ៍៦រោចខែមិគសិរ ឆ្នាំជូតទោស័ក.ព.ស ២៥៦៤ត្រូវនិងថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញរួមនិងសហការីចុះមកឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី
លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាកសិករជាម្ចាស់ស្រែ។
៚តាមរយៈសេចក្តីរាយកាណ៍ពី លោកប្រធានមន្ទីរ បានលើក ឡើងថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ក្នុងចំណោមខេត្តដែល នៅជាប់បឹងទន្លេសាប បានទទួលរងនូវគ្រោះមហន្តរាយនៃទឹកជំនន់ធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន:របស់បងប្អូនប្រជាកសិកររបស់យើង ដែល បានទទួលរងគ្រោះមហន្តរាយធ្ងន់ធ្ងរគឺស្រុកបាកានមានផ្ទៃដីដំណាំស្រូវខូចខាត ៩ ៨៨២ហ.ត ស្រុកកណ្តៀងមាន ៨ ៧៥១ហ.ត និងក្រុងពោធិ៍សាត់មាន ៦ ៧៥៣ហ.ត។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកានេះស្រុកបាកាន ផ្ទៃដីដំណាំស្រូវខូចខាតត្រូវបានស្តារឡើងវិញចំនួន ៣ ១០២ហ.ត ស្រុកកណ្តៀងស្តារបាន ៦ ១៧៦ហ.ត និងក្រុងពោធិ៍សាត់ស្តារបាន ១ ៣៤២ហ.ត។
ជាក់ស្តែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានដឹកនាំ កិច្ចប្រជុំពិភាក្សាអំពីការបង្កើតមុខរបរថ្មីដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅស្រុកបាកានតាមរយៈវិស័យកសិកម្ម ដោយផ្តោតលើសកម្មភាពសំខាន់ដូចជាការចិញ្ចឹមត្រីអណ្តែង ដោយប្រើថង់ផ្លាស្ទិច ការចិញ្ចឹមមាន់យកសាច់ និងការភ្ញាស់កូនមាន់សម្រាប់លក់ដើម្បីជួយបន្ថែមស្តារជីវភាពឡើងវិញក្រោយពេលរងប៉ះពាល់ទឹកជំនន់ ។
បើតាមការសង្កេតជារួម បងប្អូនប្រជាកសិកររួតរះ ភ្ជួររាស់ព្រោះស្រូវដើម្បីស្តារដំណាំស្រូវឡើងវិញឲ្យបានទាន់ពេល។ ខ្លះបានព្រោះពូជស្រូវរួចរាល់ដុះប្រដេញគ្នាជាបន្តបន្ទាប់ គ្រួសារខ្លះទៀតកំពុងរៀបចំដី និងត្រៀមពូជស្រូវដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហើយត្រូវបានយកមកចែកជូនបងប្អូនប្រជាកសិករដោយឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះមកតាមដានសកម្មភាពស្តារផលិតកម្មដំណាំស្រូវតាមខេត្តគោលដៅរបស់ខ្លួន ក្នុងបំណងធ្វើយ៉ាងណាឲ្យការស្តារដំណាំស្រូវទទួលបានជោគជ័យ សំដៅធានាសន្តិសុខស្បៀងក្នុងគ្រួសារនាពេលអនាគត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរពង្រឹងកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឲ្យបានល្អប្រសើរ ដើម្បីធានាបានការប្រមូលផលស្រូវនាពេលខាងមុខស្ថិតក្នុងកម្រិតខ្ពស់។ ដោយឡែកម្ចាស់ស្រែ ត្រូវឧស្សាហ៍ចុះស្រែពិនិត្យមើលថែទាំស្រូវ (ទឹក ស្មៅ និងសត្វល្អិតចង្រៃ) ហើយក្រៅពីការងារស្រែ យើងគួរតែដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដែលអាចធានាសន្តិសុខស្បៀងក្នុងគ្រួសារបាន(ដំណាំអ្វីដែលប្រើទឹកតិច និងរយ:ពេលខ្លី)ដើម្បីងាយស្រួលក្នុងការស្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកំរិតផងដែរ៕




