ព្រឹកថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន មានម៉ាស់ចំនួន ១០.០០០ម៉ាស និងទឹកអាល់កុល ១៥០លីត្រ ដែលជាការឧបត្ថម្ភរបស់លោក ប៊ុន សិន និងលោក បេ ប៊ុន ងួន ដល់រដ្ឋបាលខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណដល់លោក ប៊ុន សិន និងលោក បេ ប៊ុនងួន ដែលបានឧបត្ថម្ភម៉ាស និងទឹកអាល់កុល ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ នៅខេត្តព្រះសីហនុ ។
ទន្ទឹមនោះរដ្ឋបាលខេត្តក៍បានដាក់ចេញនូវវិធានការមួយចំនួនឱ្យក្រុង ស្រុក បន្តចុះផ្សព្វផ្សាយទៅដល់គោលដៅ ពិសេសកន្លែងលក់ដូរនៅតាមទីប្រជុំជននានាត្រូវអនុវត្តវិធានការសុខាភិបាល ត្រូវពាក់ម៉ាស មានទឹកអាល់កុល ឬជែលលាងសម្អាតដៃ និងម៉ាស៊ីនវាស់កំដៅជាប់ជាប្រចាំ ។
ប្រសិនបើទីតាំងណាមិនអនុវត្តតាមគោលការ
ណែនាំរបស់អាជ្ញាធរទេ នឹងធ្វើការផ្អាកអាជីវកម្មបណ្តោះអាសន្ន ៕




