នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យលទ្ធផលការងារសាងសង់សួនសមិទ្ធផលខឿនការពារជាតិនយោបាយ!ឈ្នះ!ឈ្នះ

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចុះពិនិត្យលទ្ធផលការងារសាងសង់សួនសមិទ្ធផលខឿនការពារជាតិ ស្ថិតក្នុងបរិវេណវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងសេចក្ដីរាយការណ៍ ឧត្ដមសេនីយ៍ឯក មាស វណ្ណា អនុប្រធានគណៈកម្មការសាងសង់បានឲ្យដឹងថា សួនសមិទ្ធផលខឿនការពារជាតិ បានបើកការដ្ឋានសាងសង់ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណជាង ៩០ ភាគរយហើយ។

ពាក់ព័ន្ធដល់គម្រោងប្លង់រចនាបថ ឧត្ដមសេនីយ៍ឯក មាស វណ្ណា បានឲ្យដឹងថា សួនសមិទ្ធផលខឿនការពារជាតិ ផ្ទៃខឿនមានរាងបញ្ចកោណ មានពីរជាន់ ដោយនៅផ្នែកខាងក្រោមខឿនមានរាងរង្វង់មូល, ផ្នែកខាងលើខឿនមានរូបសំណាកយុទ្ធជន ៧ រូប កាន់ជ្រោងដងទង់ជាតិ តំណាងឲ្យកត្តាជ័យជំនះទាំង៧ នៃនយោបាយឈ្នះ ឈ្នះ ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ចាក់ថា សំណង់សួនសមិទ្ធផលខឿនការពារជាតិ គឺជានិមិត្តរូបដែលសាងសង់ឡើងដើម្បីរំឭកនូវការចងចាំចំពោះគុណូបការៈរបស់វីរៈយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

បើតាមនាយឧត្ដមសេនីយ៍ វង្ស ពិសេន សួនសមិទ្ធផលខឿនការពារជាតិ គឺស្ថិតក្នុងចំណោមសួនសមិទ្ធផលចំនួន៣ផ្សេងទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សួនសមិទ្ធផល៣ផ្សេងទៀតនោះរួមមាន សួនសន្តិសុខសុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម, សួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ, និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមជាងស្ថាបនា ដែលបានយកចិត្តទុកដាក់រចនាតាមគម្រោងប្លង់ និង បច្ចេកទេសរបស់វិស្វករ ប្រកបដោយគុណភាព សោភណភាព ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់។

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានជម្រុញឱ្យក្រុមការងារសាងសង់ បន្តខិតខំពន្លឿនការងាររបស់ខ្លួនឱ្យបានរួចរាល់ទាន់ពេលវេលាកំណត់ ដើម្បីចូលរួមអបអរខួបលើកទី២២ ទិវានយោបាយ ឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍រំលេចពីភាពអស្ចារ្យនៃនយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន៕IMG_20201210_113101

IMG_20201210_113044

IMG_20201210_113111

IMG_20201210_113122

You might like