(ខេត្តប៉ៃលិន)៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប និងធ្វើបទបង្ហាញស្តីវឌ្ឍនភាពគោលនយោបាយជាតិ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងជួយដល់ពលករទេសន្តរប្រវេសន៍ ជៀសផុតពីអំពើជួញដូរមនុស្ស នៅសាលប្រជុំសាលាខេត្តប៉ៃលិន។ សមាសភាពគណៈអធិបតីមានលោកជំទាវ ជាលាភ អភិបាលរងខេត្ត លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការរង ប្រធាននៃក្រុមជំនួយកិច្ចការជួយជនរងគ្រោះ សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលមាន តំណាងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង អភិបាលរងស្រុកជុំវិញខេត្ត មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ មានអធិការ/អធិការរង អាវុធហត្ថ នគរបាលប៉ុស្តិ៍ តំណាងមកពីមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត មន្រ្តីជាសមាជិករបស់លេខាធិការដ្ឋានខេត្ត គ.ខ.ប.ជ សរុប៥៨នាក់ ។
វគ្គបណ្តុះបណ្តាលនេះប្រារព្ធឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីដែលពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តនៅសកម្មភាពអនុវត្តការងារ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឲកាន់តែមានប្រសិទ្ធភាពខ្ពស់។ បង្កើនការធានាបាននូវការគោរពសិទ្ធិជនរងគ្រោះ ឲទទួលបាននូវសេវាចាំបាច់ដែលជាតំរូវការជាក់ស្តែងបន្ទាន់ផ្អែកលើវិស័យយេនឌ័រ មុននឹងឈានទៅទទួលបានការដោះស្រាយតាមផ្លូវច្បាប់ ការផ្តល់សេវាស្តារនីតិសម្បទា និងសេវាសង្គមដ៏ទៃទៀត ។
ក្រោយពីបានស្តាប់លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តផ្តល់មតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបរបស់ គ.ខ.ប.ជ រយ:ពេល៦១០ខែកន្លងទៅនេះលោកជំទាវបានថ្លែងប្រសាសន៍ចាប់អារម្មណ៍ នៅក្នុងវគ្គបណ្តុះបណ្តាលទៅដល់សិក្ខាកាមអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងក្របខណ្ឌគោលនយោបាយច្បាប់ជាតិ ច្បាប់អន្តរជាតិ និងយន្តការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវបានសំនូមពរឲអ្នកពាក់ព័ន្ធក្នុងការអនុវត្តការងារ អាជ្ញាធរសមត្ថកិច្ចដាក់ការសង្ស័យបើឃើញមានជនចម្លែកចូលមកក្នុងដែនដីមូលដ្ឋាន ដែលអាចជាមេខ្យល់លួងលោមនាំមនុស្សនាំចេញទៅក្រៅប្រទេស លោកជំទាវបានសង្កត់ធ្ងន់ក្នុងការ គ្រប់គ្រងការចេញចូលរបស់ប្រជាពលរដ្ឋដែលឆ្លងកាត់ព្រំដែន ជាពិសេសក្នុងតំណាក់កាលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននៅប្រទេសក្បែរខាងយើង កំពុងមានការផ្ទុះរាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ដែលកើនដល់រកឃើញវិជ្ជមានចំនួនជាងមួយពាន់នាក់ ក្នុងចំណោមពលករទេសន្តរប្រវេសន៍។ បន្ថែមពីនេះលោកជំទាវ បានក្រើនរំលឹកដល់អជ្ញាធរមានសមត្ថកិច្ច បង្រ្កាបមុនពេលបទល្មើសកើតឡើង ហើយអ្វីដែលសំខាន់យើងចង់ឲប្រជាពលរដ្ឋរបស់យើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ទោះគាត់ចេញរកការងារធ្វើនៅក្រៅស្រុកក៏ដោយ ក្នុងស្រុកក៏ដោយ គាត់ត្រូវតែមានកិច្ចការពារខ្លួនកុំប្រថុយប្រថាន ហើយបើសិនជាគាត់លាក់លៀមជាមួយអាជ្ញាធរនោះគឺជាសញ្ញាគ្រោះថ្នាក់ដែលយើងពិបាកនឹងជួយសង្រ្គោះគាត់ ។ លោកជំទាវមានសេចក្តីសោមនស្ស និងជឿទុកចិត្តដល់សិក្ខាកាមដែលបានចូលរួមក្នុ វគ្គបណ្តុះបណ្តាលកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនេះ និងទទួលបាននៅចំណេះដឹង និងបទសោធន៍ថ្មីក្នុងការអនុវត្តការងារជំនាញ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ៕

