អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពច្រកទ្វារអន្ដរជាតិចាំយាម និងប្រាប់មន្ដ្រីប្រចាំការត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីទប់ស្កាត់កូវីដ-១៩

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកមន្ត្រីក្រោមឱវាទចុះពិនិត្យមើលពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានព្រំប្រទលជាប់គ្នាជាមួយខេត្តចាន់បុរី ប្រទេសថៃ ដើម្បីពង្រឹង ប្រសិទ្ធិភាពការងារ ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ឲ្យបណ្តាខេត្តដែលជាប់ព្រំដែន នៃប្រទេសជិតខាង មានការយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ហើយមានពលករខ្មែរធ្វើចំណាក់ស្រុកនៅទីនោះផងដែរ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍ មន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវក្តាបឲ្យជាប់ និងតាមដានរាល់សភាពការ នៃការឆ្លងដែនរបស់ពលករ និងត្រូវរងចាំមើលជាប់ជានិច្ច ក្រែងសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរត្រឡប់ចូលមកស្រុកកំណើតវិញ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។

នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ដោយអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មន្ទីរបានរៀបចំប៉ុស្តិ៍ និងមន្ត្រីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដោយមានបំពាក់ដោយកាំមេរ៉ា ស្កែនកំដៅផងដែរ ក្នុងនោះរដ្ឋបាលខេត្ត បានត្រៀមបន្ទប់ សណ្ឋាគារ ចំនួន ៥០បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក ពលករដែលឆ្លងដែនត្រលប់មកពីប្រទេសថៃវិញ៕FB_IMG_1608982423482 FB_IMG_1608982456323 FB_IMG_1608982490136 FB_IMG_1608982475686 FB_IMG_1608982496761 FB_IMG_1608982441711

You might like