ឯកឧត្ដមរដ្ឋលេខាធិការ សួន រចនា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលការផ្ដល់សេវារដ្ឋបាលក្នុងវិស័យសាធារណ:ការ និងដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលរាជធានី-ខេត្ត

ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីស្ដី ការក្រសួង ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្នុងអង្គភាពក្រោមឱវាទក្រសួង និងថ្នាក់ដឹកនាំ និងមន្ត្រីនៃច្រកចេញ-ចូលតែមួយផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង ដើម្បីសម្រេចឱ្យបាននូវគោលដៅជាតិសំខាន់ៗ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ បង្កើនការយល់ដឹង ពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីផ្ដល់សេវា ជំរុញការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងកែលម្អការផ្ដល់សេវាសាធារណៈប្រកបដោយ គុណភាព គណនេយ្យភាព និងតម្លាភាព រួមចំណែកដល់ការលុបបំបាត់ភាពក្រីក្រក្នុងសង្គម ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងអង្គពិធីនាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងពិភពលោក កំពុងមានការីចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រព័ន្ធគ្រប់គ្រងការងារ ការបែងចែក ការងារ ការគ្រប់គ្រងទិន្នន័យ និងការប្រាស្រ័យទាក់ទងជាសាធារណៈ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្នតាមរយៈការបណ្ដុះបណ្ដាលជា ជំហានៗ នៅថ្នាក់ក្រោមជាតិបាន និងកំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជាបណ្ដើរៗ ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅឈានទៅបំបាត់ប្រព័ន្ធរដ្ឋបាលដែលប្រើប្រាស់ក្រដាសស្នាម និងកាត់បន្ថយការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជាហេតុធ្វើឱ្យការផ្ដល់សេវាសាធារណៈមានភាពយឺតយ៉ាវ គ្មានតម្លាភាព និងបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្ដមរដ្ឋលេខាធិការបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងមានសមត្ថភាពអាចប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានលឿនរហ័ស ជាងមុនទ្វេដងថែមទៀត បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនេះទៅ។

ឯកឧត្ដមរដ្ឋលេខាធិការបានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សារៀនសូត្រ ស្វែងយល់ ចូលរួមជាសំណួរ និងមតិយោបល់ឱ្យបានផុលផុស ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជា ដើម្បីស្វែងយល់ពីគន្លឹះដ៏សំខាន់ៗ និងល្អៗបន្ថែមទៀត សំដៅឱ្យការផ្ដល់សេវសាធារណៈជូនបងប្អូន ប្រជាលរដ្ឋកាន់តែលឿន មានប្រសិទ្ធភាព និងតម្លាភាពថែមទៀត។

ឯកឧត្ដមរដ្ឋលេខាធិការ បានក្រើនរំឭកដល់សិក្ខាកាមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នជានិច្ចជាមួយនឹងមេរោគកូវីដ-១៩ ជាពិសេសត្រូវអនុវត្តតាមក្បួនអនាម័យ និងវិធានការការពាររបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពស្ងប់ស្ងាត់ និងពិភពលោកបានផលិតវ៉ាក់សាំងបង្ការជំងឺនេះប្រកបដោយជោគជ័យក៏ដោយ៕FB_IMG_1611570473787 FB_IMG_1611570380577 FB_IMG_1611570422803 FB_IMG_1611570405312 FB_IMG_1611570442035 FB_IMG_1611570497312

You might like