នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត រួមនិងឯកឧត្តម ហាស សុបិន្ត អភិបាលរងខេត្ត បន្តវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកឈូក ខេត្តកំពត។
អញ្ជើញចូលរួមក្នុងវេទិកានាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក និងប្រជាពលរដ្ឋ សរុបប្រមាណ ២៧០នាក់។
នាឳកាសនោះ ឯកឧត្តមប្រធាន មានប្រសាសន៍ថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះមានសារៈសំខាន់ណាស់ ព្រោះយើងអាចផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងរកឲ្យឃើញនូវឬសគល់នៃបញ្ហា ដើម្បីសិក្សាស្វែងយល់ពីតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ និងរិះរកដោះស្រាយ ឆ្លើយតបឲ្យបាននូវបញ្ហាទាំងនោះ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ក្នុងនាមជាតំណាងសាធារណៈដែលទទួលបានការទុកចិត្ត ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

