ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោកឧត្តមសេនីយ៍ត្រី ទូច អូន លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ព្រមទាំង លោអភិបាលស្រុក បូរីជលសារ កោះអណ្ដែត និងអភិបាលស្រុកគិរីវង់ បានចុះធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយ អនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការរឹតបន្តឹង ទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។
មានមតិសំណេះសំណាលជាមួយកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានដាក់បទបញ្ជាទៅសមត្ថកិច្ចនៅតាមព្រំដែនវៀតណាមក្នុងខេត្តតាកែវ ទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច។
ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ទៀតថានៅប៉ុន្មានថ្ងៃខាងមុខទៀតនេះបុណ្យចូលឆ្នាំចិនវៀតណាមនិងខិតជិតមកដល់ ដូច្នេះនិងមានភ្ញៀវទេសចរណ៍ជាច្រើនឆ្លងកាត់បន្ទាត់ព្រំដែន ដែលនេះបញ្ហាដែលខាងវរការពារព្រំដែន រួមនិងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ទាំងខ្មែរ និងភ្ញៀវទេសចរណ៍បរទេស ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវ វាស់កម្ដៅ លាងសំអាតដៃជាមួយអាល់កុល ទាំងចេញ និងចូល ព្រមទាំងត្រូវបាញ់ថ្នាំលើរថយន្តដើម្បីសំលាប់មេរោគ ហើយបើសិនខាងមន្រ្តីជំនាញមន្ទីសុខាភិបាលខេត្ត ពិនិត្យឃើញមានភ្ញៀវទេសចរណ៍ ណាម្នាក់មានអាការៈខុសប្រក្រតីត្រូវ បញ្ជូនគាត់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផងដែរ។
ឯកឧត្តមអ៊ូច ភា អភិបាលខេត្ត ក៏បានស្នើរអោយអាជ្ញាធរស្រុកជាប់ព្រំដែនទាំងអស់នៅខេត្តតាកែវ ត្រូវបន្តចុះត្រួតពិនិត្យមើលការបោះតង់របស់ជនជាតិវៀតណាម ដែលបោះនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាមដែលស្ថិតក្រោមរូបភាពការពារការរីករាលនៃជំងឺកូវីដ ១៩ ដើម្បីធានាអោយបានកិច្ចសហប្រតិបត្តិការព្រំដែន រវាងភាគីប្រទេសកម្ពុជា និងប្រទេសវៀតណាម៕

