នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ និងលោកជំទាវ ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត។
ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះលោកជំទាវ ចក់ មើល បានស្នើសមាជិកនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តរតនគិរី ត្រូវខិតខំបំពេញការងារនេះឲ្យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសហការល្អជាមួយស្ថាប័នពាក់ព័ន្ធក្នុងកិច្ចការពារកុមារដែលត្រូវបានគេបំពារបំពានដែលត្រូវអាចកើតឡើងជាយថាហេតុនិងត្រូវខិតខំយកចិត្តទុកដាក់ទទួលយកនូវចំណេះដឹងក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ដើម្បីឧត្តមប្រយោជន៍កិច្ចការពារកុមារ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។
មានប្រសាសន៍បើកសិក្ខាសាលាលោកជំទាវ ញ៉េប សុភាពបានលើកឡើងថាដោយមើលឃើញពីតម្រូវការជាក់ស្តែងនិងចាំបាច់សម្រាប់ការពារកុមារនៅកម្ពុជា ទើបគណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានសម្រេចរៀបចំគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារនេះឡើងដើម្បីជាត្រីវិស័យចង្អុលទិសដល់គ្រប់ផ្នែកពាក់ព័ន្ធឲ្យបំពេញការងារជាប្រព័ន្ធប្រទាក់ក្រឡានិងធ្វើយ៉ាងណាឲ្យអ្នកទទួលផលដែលជាកុមារនិងក្រុមគ្រួសារទទួលបានអត្ថប្រយោជន៍របស់ខ្លួនយ៉ាងពិតប្រាកដ។
លោកជំទាវបន្តថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ត និងជាការបើកទំព័រសករាជថ្មី សម្រាប់កុមារទូទាំងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល បានបង្ហាញនូវឆន្ទះខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងការការពារកុមារគ្រប់រូបដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចុះហត្ថលេខាដាក់ ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ កាលពីខែឧសភា ឆ្នាំ២០២០។
_ការរៀបចំគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារគឺបន្ស៊ីយន្តការដែលមានស្រាប់និងបន្តអនុវត្ត ឱ្យមានលក្ខណៈជាប្រព័ន្ធដើម្បីផ្តល់សេវាប្រកបដោយសង្គតិភាពសម្រាប់កុមារនិងគ្រួសារកុមារដើម្បីធានាថាបញ្ហាកុមារត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធក្នុងការលើកកម្ពស់ សិទ្ធិ សុវត្ថិភាព ស្ថានភាពនិងជំនាញរបស់កុមារ។
_ជាជំហានថ្មីមួយទៀតក្នុងការ វិនិយោគជាមួយកុមារ ដោយសារការ វិនិយោគលើកុមារនៅថ្ងៃនេះនឹងបង្កើតបានជាធនធានមនុស្សដែលបង្កើតឡើងមានជំនាញនិងប្រកបដោយសក្តានុពល នាពេលអនាគត៕

