ខេត្តកែប,ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា អំពីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តកែប។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមដោយអភិបាលរងខេត្តលោកនាយករដ្ឋបាលខេត្ត អភិបាលក្រុងស្រុក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរដែនដី លោកប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីរបរិស្ថាន នាយរដ្ឋបាលជលផល នាយករងទីចាត់ការសាលាខេត្តលោកមេឃុំចៅសង្កាត់ទូទាំងខេត្ត។
ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថាធនធានធម្មជាតិ ព្រៃលិចទឹក និងតំបន់ឆ្នេរគឺជាបញ្ហាមួយដែរតម្រូវឲ្យអង្គភាពមន្ទីរពាក់ព័ន្ធចូលរួមការពារក៍ដូចជាគ្រប់គ្រងឲ្យបានល្អដើម្បីលើកស្ទួយនូវធនធានធម្មជាតិនៅខេត្តយើងល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺជាការរួមគ្នាពិនិត្យ ពិភាក្សា ក៍ដូចជារាយការណ៍រាល់បញ្ហាដែលកើតមានឡើងដើម្បីទប់ស្កាត់ បានទាន់ពេលវេលា នូសសកម្មភាពបំផ្លាញធនធានធម្មជាតិ ព្រៃលិចទឹកពីសំណាក់ជនខិលខូចមួយចំនួន ដែលលួចកាប់បផ្លាញសម្បត្តិធម្មជាតិរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយខុសច្បាប់។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តក៍បានស្នើរឲ្យថ្នាក់ដឹកនាំតាមមន្ទីររស្ថាប័នអង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តឲ្យបានល្អតាមគោលការណ៍ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំថ្ងៃនេះ និងបន្ថែមកិច្ចការ ពង្រឹងកិច្ចការពារ គ្រប់គ្រងធនធានធម្មជាតិ តាមតំបន់ឆ្នេរ ជាពិសេសព្រៃលិចទឹក ដែលជាជម្រកត្រីដ៏មានសារសំខាន់៕

