រដ្ឋបាលខេត្តបើកកិច្ចប្រជុំបន្តពង្រឹងវិធានការការពារឆ្លងបន្តជំងឺកូវីដ១៩និងរៀបចំទីតាំងកប់និងរំលាយសពអ្នកដែលស្លាប់ដោយសារជំងឺ..!!

(ត្បូងឃ្មុំ)៖ អនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណានៅតាមបណ្តាខេត្តរៀបចំទីបច្ឆាមរណៈ ពាក់ព័ន្ធនឹងការកប់ និងរំលាយសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈជំងឺនេះកំពុងផ្ទុះឆ្លងរាលដាលចូលក្នុងសហគមន៍នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈកន្លងទៅ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងកប់ និងដុតសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញភារកិច្ចការងារទាំងយប់ទាំងថ្ងៃ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជំរុញឲ្យក្រុមការងារទាំងអស់បន្តពង្រឹងបន្ថែម។

ជាមួយនឹងការបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកហើយនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការក្រើនរំលឹក ណែនាំ និងដាក់ចេញវិធានការមួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ក្នុងខេត្តត្បូងឃ្មុំ ដោយចាត់ឲ្យគណៈគណៈកម្មការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក អភិបាលក្រុងស្រុក មន្ទីរជំនាញ និងអាជ្ញាធររួមគ្នាត្រូវអនុវត្តន៍ឲ្យខានតែបាន រួមមានៈ

-ត្រូវរៀបចំការដឹកជញ្ជូនពលរដ្ឋ ក៍ដូចជាពលករឲ្យបានត្រឹមត្រូវ ពិសេសដឹកចូលមកខេត្តត្បូងឃ្មុំ ទៅកាន់ទីតាំងចត្តាឡីស័ក ដែលលើសពី៥ឡានឡើង ត្រូវមានឡានសារ៉ែន ជៀសវាងគ្រោះថ្នាក់នានាត្រូវផ្លូវ
-រៀបចំអាហារជូនទាំងនៅតាមផ្លូវ និងនៅទីតាំងចត្តាឡីស័ក ឲ្យបានគ្រប់គ្រាន់
-គ្រប់គ្រងឲ្យបានគ្រប់ទីតាំងចត្តាឡីស័ក និងរៀបចំឲ្យស្អាត មានអនាម័យល្អ ហើយចំពោះអ្នកមានអការៈរោគសញ្ញាសង្ស័យនានា ត្រូវបញ្ជូនទៅបន្ទប់ដោយឡែកផ្សេងភ្លាម ពីអ្នកកំពុងធ្វើចត្តាឡីស័កដ៍ទៃទៀត
-បែងចែកក្រុមការងាររុករកស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ពិសេសរៀបចំកំណត់សញ្ញាណតំបន់ហានិភ័យ មកពីតាមទីតាំងរាជធានីខេត្ត ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ
-រៀបចំមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចប្រចាំការលើ២៤ម៉ោងលើ២៤ម៉ោងបន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលលើការងារបច្ចេកទេស និងសម្ភារៈបរិក្ខារឲ្យបានគ្រប់គ្រាន់
-ត្រូវក្តាប់ព័ត៍មានបងប្អូនដែលចំណូលស្រុក ដោយឲ្យមេឃុំ មេភូមិ មេប៉ុស្តិ និងប្រជាការពារ បែងចែកតាមដានឲ្យបានច្បាស់លាស់ដល់ខ្នងផ្ទះ
-រួមគ្នាសិក្សាលទ្ធភាព រៀបចំទីតាំងឈាបបដ្ឋាន និងកន្លែងកប់សពឲ្យបានត្រឹមត្រូវ ជៀសវាងការឆ្លងបន្តពីសព ក្នុងករណីមានអ្នកស្លាប់
-គ្រប់សាសនាទាំងអស់ អ្នកជំងឺដែលស្លាប់ត្រូវអនុវត្តន៍ការដុតឬកប់សាកសព ទៅតាមតាមវិធានសុខាភិបាល
-គ្រប់អាហារដ្ឋានទាំងអស់ត្រូវក្សាគម្លាតកន្លែងអង្គុយ មានម៉ាស់ អាល់កុលឬជែល និងម៉ាស៊ីនវាស់កំដៅ នៅមុខទីតាំងចូល បើមិនអនុវត្តន៍តាម ត្រូវបិទទីតាំងតែម្តង
-គ្រប់ទីប្រជុំជនគឺជាពិសេសទីផ្សារទាំងអាជីវករនិងអ្នកចូលទៅក្នុងផ្សារត្រូវតែពាក់ម៉ាស់ឱ្យគ្រប់ៗគ្នាបើមិនមានទេដាច់ខាតហាមមិនឲ្យចូល
-ត្រូវបន្តធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសភូមិឃុំ-សុវត្ថិភាពនិងចាំទទួលរាល់សំណើរពលរដ្ឋយកទៅដោះស្រាយ
-បន្តផ្សព្វផ្សាយនូវរាល់វិធានការបង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ១៩ ពិសេសគ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់ តាមគ្រប់រូបភាព ដោយធ្វើជាយុទ្ធនាការផ្សព្វផ្សាយរួមគ្នា នូវច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ១៩ពីទោសទណ្ឌនិងការផាកពិន័យពិសេសមាត្រា០៧មាត្រា០៨និងមាត្រា០៩ ជាការបញ្ច្រាបដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនិងគ្រប់ស្រទាប់មហាជននៅគ្រប់មូលដ្ឋានទូទាំងខេត្តឲ្យបានដឹងនិងយល់ច្បាស់នូវកិច្ចការត្រូវបំពេញ៕FB_IMG_1615536148502 FB_IMG_1615536163877 FB_IMG_1615536160217 FB_IMG_1615536186633 FB_IMG_1615536204147 FB_IMG_1615536191633 FB_IMG_1615536197046

You might like