នៅព្រឹកថ្ងៃអង្គារ ៣កើត ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល៣ឃុំ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”ក្នុងស្រុកបុរីអូរស្វាយសែនជ័យ។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទនាយក នាយករងសាលាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ អធិការនគរបាលស្រុក មេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងស្មៀនឃុំទាំង៣ នៃស្រុកបុរីអូរស្វាយសែនជ័យ និងថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណសាលាស្រុកបុរីអូរស្វាយសែនជ័យ ។
ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍សុំឲកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ឲ្យបានទាន់ពេលវេលាដូចភ្លៀងរលឹម។ពង្រឹងការអនុវត្តយន្តការថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺគោលនយោបាយលេខ ០១ គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្តីពីគោលនយោបាយ ”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងមូលដ្ឋាន តាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធិ ស្នាលដោយបានប្តេជ្ញាអនុវត្តតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមគណ:អភិបាលខេត្តនូវគោលការណ៍ក្រសួងមហាផ្ទៃ ក៏ដូចវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមវិធានសុខាភិបាលឲបានខ្ជាប់ខ្ជួនផងដែរ ៕

