តាមរយៈសំឡេងមួយនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្គាប់ការឱ្យរដ្ឋមន្ត្រីក្រសួងសុខា
ភិបាល ឯកឧត្តម ម៉ម ប៊ុនហេង តែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាលធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសារសំឡេងនោះថា ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងតែង តាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធាននេះ ដើម្បីដឹកនាំការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ដើម្បីឱ្យការងារនេះ (ការងារចាក់វ៉ាក់ សាំងកូវីដ-១៩) ឈានទៅមុខបានល្អប្រសើរ ខ្ញុំស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួល បន្ទុករាប់រងក្នុងការចាក់វ៉ាក់ សាំងកូវីដ-១៩ ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។ ហើយខ្ញុំសូមចង្អុលការ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំ ផែនការមេបន្តពីជំហានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកជំទាវ ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះផងដែរ។ បន្ថែមពីលើនោះ ដើម្បីឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ទាន់សភាពការណ៍នៅទូទាំងប្រទេស សម្តេចតេជោ បានណែនាំឱ្យលោកជំទាវ ឱ វណ្ណឌីន បង្កើតអនុគណៈកម្មការនៅតាមរាជធានី ខេត្តផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងពេលខាងមុខកម្ពុជា អាចមានលទ្ធ ភាពទទួលបានវ៉ាក់សាំងកូវីដ- ១៩ ប្រមាណ ១.៥លានដូស ទៀត។ ដូច្នេះសម្តេចតេជោ បានណែនាំឱ្យកំណត់មុខ សញ្ញាត្រូវចាក់វ៉ាក់សាំងកូវីដ- ១៩ មានដូចជាគ្រូបង្រៀន ដែលត្រូវចាក់ដំបូងសម្រាប់គ្រូនៅភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង និងព្រៃវែង។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគិតគូររៀបចំ ផែនការចាក់សម្រាប់អ្នកលក់ដូរនៅតាមផ្សារ ក៏ដូចជាមុខ សញ្ញាសំខាន់ៗដទៃទៀត។ ជាពិសេសក្នុងក្របខណ្ឌក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ រួមមានកម្មករ កម្មារិនីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសង្ឃឹមថា ឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ ឱ វណ្ណឌីន ធ្វើការងារចាក់វ៉ាក់ សាំងកូវីដ-១៩ នេះបានល្អ និងមានប្រសិទ្ធភាពខ្ពស់៕
