នៅរសៀលថៃ្ងអាទិត្យ៩កើតខែភទ្របទឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២២ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមស្វាយ សំអ៊ាងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានដឹកនាំក្រុមការងារ អាជ្ញាធរដែនដីមន្ទីរអង្គភាពដែលពាក់ព័ន្ធនិងកងកម្លាំងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានាពិសេសផ្លូវថ្នល់ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីរកវិធានការនូវដំណោះស្រាយអភិវឌ្ឍន៍ជួសជុលកែសម្រួលឡើងវិញសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាខេត្តស្ទឹងត្រែងក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែកញ្ញានេះ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបណ្តាលឱ្យភូមិស្រុកនិងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនពិសេសប្រជាពលរដ្ឋដែលរស់នៅស្ថិតនៅភូមិស្រែឬស្សីឃុំស្រែឬស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងរងនូវការលិចលង់។
ក្រោមការដឹកនាំរបស់ឯកឧត្តមស្វាយ សំអ៊ាងគឺឯកឧត្តមបានចុះជាប្រចាំត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់រងគ្រោះខ្លាំងនិងតំបន់ផ្សេងៗទៀតក្នុងខេត្តដើម្បីត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋឱ្យទាន់ពេលវេលានិយាយរួមស្ថានភាពទឹកជំនន់នៅខេត្តស្ទឹងត្រែងគឺអាចគ្រប់គ្រងបានដោយមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
ក្រោយស្ថានភាពទឹកជំនន់មានការធូរស្រាលឯកឧត្តមស្វាយ សំអ៊ាងក៏នៅតែបន្តដឹកនាំក្រុមការងារពិសេសដឹកនាំស្ថាប័នមន្ទីរអង្គភាពជំនាញក្នុងខេត្តបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តពិសេសផ្លូវក្រាលគ្រួសក្រហមក្នុងភូមិស្រែឬស្សីស្រុកថាឡាបរិវ៉ាត់ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីមានវិធានការជួសជុលសម្រួលឡើងវិញដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យជាក់ស្តែងឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពិនិត្យសិក្សាដើម្បីរកវិធានការជួសជុលផ្លូវឡើងវិញដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀងនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងតំបន់នេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមស្វាយ សំអ៊ាងបានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមដល់បងប្អូនប្រជាពលរដ្ឋដែលជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើតាមផ្លូវនេះក្នុងពេលដែរមានទឹកជំនន់ទឹកភ្លៀង ម្តងៗ៕





