នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ កីឡាដ្ឋានខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតាមស្ថាប័ន សមាជិក សមាជិកា ជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងនៅកីឡាដ្ឋានខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ផងដែរថាសមិទ្ធផលកីឡាដ្ឋានខេត្តកំពង់ស្ពឺ ជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងស្មារតីរួមគ្នាដើម្បីលើកមុខមាត់ និងគិត្យានុភាពរបស់ខេត្តផង និងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡា ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ ជាមួយការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងបន្ទាប់ពីទទួលបានការឯកភាពគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺក្នុងការផ្ដល់ជម្រើសទីតាំងដីមួយចំនួនសម្រាប់ការសាងសង់នៅឆ្នាំ ២០១៨។ ក្រុមការងារបានចាប់ផ្ដើមសិក្សាលើគម្រោងទាំងមូល ដោយចាប់ផ្ដើមពីការកំណត់យកទីតាំងសាកសម និងការសិក្សាលើប្លង់ទីលានបាល់ទាត់អាគារកីឡាដ្ឋាន ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជុំវិញជាពិសេសគឺការងារកៀរគរសប្បុរសជនឲ្យមានការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដើម្បីដំណើរការគម្រោង។
កីឡដ្ឋានត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កីឡដា្ឋននេះបានត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ។ គម្រោងសាងសង់កីឡាដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ជាពីរដំណាក់កាល គឺដំណាក់កាលរៀបចំសាងសង់របង និងក្លោងទ្វារធំទាំងពីរនៃកីឡាដ្ឋាន និងបន្ទាប់ការសាងសង់សំណង់អគារ ទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានាទាំងក្នុងនិងក្រៅបរិវេណកីឡាដ្ឋាន ស្ដាប់ពេលជាមួយការសាងសង់សួនកុមារ កន្លែងហាត់ប្រាណសម្រាប់សាធារណជន និងការបំពាក់អំពូលសូឡាក្នុងបរិវេណកីឡាដ្ឋាន។
កិច្ចការសាងសង់ហេដ្ឋារចនាក្នុងកីឡដ្ឋានដែលសម្រេចបានរួមមាន៖
១. សាងសង់ក្លោងទ្វារ ចំនួន ២ កន្លែង និងរបងព័ន្ធជុំវិញ ៨០០ម៉ែត្រ
២. សាងសង់កន្លែងសម្រាប់អ្នកទស្សនាចំនួន ៣០០០ កម្ពស់ ៣ ជាន់ ដែលជាន់ផ្ទាលដីចែកចេញជា ២៥ បន្ទប់ ជាន់ទី១ (ជាន់ VIP) ចែកជា ៨ បន្ទប់ និងជាន់ទី២ ចែកចេញជា ២បន្ទប់ (សម្រាប់អ្នកអធិប្បាយការផ្សាយផ្ទាល់ និងបន្ទប់ការិយាល័យ)។
៣. ទីលានបាល់ទាត់ ដែលមានបណ្ដោយ ១១០ម៉ែត្រ និងទទឹង ៧៣ម៉ែត្រ ក្រាលស្មៅសិប្បនិម្មិត និងមានរៀបចំប្រព័ន្ធលូបង្ហូរទឹកព័ន្ធជុំវិញតារាង។
៤. ទីលានរត់ប្រណាំង បានអ៊ុតកៅស៊ូមួយជុំទីលានបាល់ទាត់ ប្រវែង ៤០០ម៉ែត្រ ដែលមានទទឹង ៩,៤៧ម៉ែត្រ និងទទឹងពីទីលានរត់មករបងប្រវែង ១០ម៉ែត្រ។
៥. ភ្លើងបំភ្លឺទីលានបាល់ទាត់ ចំនួន៤ដើម ដែលមានកម្ពស់ ៤០,២០ម៉ែត្រ និងអំពូលភ្លើងចំនួន ៤២គ្រាប់ កម្រិតពន្លឺ ១.២០០ lumen និងអំពូលសឡាបំភ្លឺជុំវិញបរិវេណកីឡដ្ឋាន ចំនួន ២០០ដើម។
៦. សួនកុមារ និងកន្លែងហាត់ប្រាណសម្រាប់សាធារណជន ដែលមានទំហំ ២.០០០ម៉ែត្រការ៉េ បំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍ហាត់ប្រាណ ១០គ្រឿង។
៧. ទីតាំងតម្កល់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាកសម្ដេចសង្ឃរាងជួន ណាត
៨. ហេដ្ឋារចនាសម័ន្ធក្រៅរបងកីឡដ្ឋាន រួមមានការរៀបចំតទឹក ភ្លើង និងរៀបចំប្រព័ន្ធលូរំដោះទឹកពីក្នុងកីឡដ្ឋាន ព្រមទាំងចាក់ផ្លូវបេតុង និងដាំដើមឈើលម្អ ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ត្រូវបាន ជួយសម្របសម្រួលដោយរដ្ឋបាលខេត្តកំពង់ស្ពឺ។
កីឡដ្ឋានខេត្តកំពង់ស្ពឺនេះក៏នឹងក្លាយជាទីលានគោលសម្រាប់ក្រុមបាល់ទាត់ណាហ្គាវើលដ៏អ្វេសស៊ី ដោយក្រុមបាល់ទាត់អាជីពនេះ នឹងយកទីលានកីឡដ្ឋានខេត្តកំពង់ស្ពឺសម្រាប់ការហ្វឹកហាត់ និងទទួលជាម្ចាស់ផ្ទះក្នុងជំនួបជាមួយក្រុមបាល់ទាត់នានា។ លើសពីនេះផងដែរក្រុមបាល់ទាត់នេះ នឹងជួយហ្វឹកហាត់ដល់ថ្នាលកីឡាករ កីឡាការីនីបាល់ទាត់ខេត្តកំពង់ស្ពឺដោយគ្រូបង្ចឹកជំនាញ នឹងផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករអាជីពផងដែរ។ កីឡដ្ឋាននេះនឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលកីឡាករ កីឡាការីនីក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្ដានុពល និងដើម្បីឱ្យប្អូនៗកីឡាករ កីឡាការីនីក្នុងខេត្តកំពង់ស្ពឺអាចបំពេញក្ដីស្រម៉ៃរបស់ខ្លួន។

















