ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជា ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលនេះ ដោយបានបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ច ដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។
ទន្ទឹមហ្នឹងនេះ រាជរដ្ឋាភិបាលក៏កំពុងត្រៀមរៀបចំផែនការគ្រប់គ្រងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថា ការកើនកម្ដៅភពផែនដី អាចត្រូវបានកាត់បន្ថយរហូតដល់ ០,៤°C នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិនិត្យ និងកាត់បន្ថយ ការប្រើប្រាស់សារធាតុនេះ។ កម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់បណ្តាសារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលកម្ដៅសកលខ្ពស់។
ការកាត់បន្ថយនូវការប្រើប្រាស់សារធាតុ HFCs ក្រោមវិសោធនកម្មទីក្រុងគីហ្គាលី រួមជាមួយនឹងការផ្លាស់ប្តូរទៅប្រើប្រាស់បរិក្ខារត្រជាក់ដែលមានប្រសិទ្ធភាពថាមពលខ្ពស់នឹងផ្តល់អត្ថប្រយោជន៍ដល់ការកាត់បន្ថយការកើនកម្ដៅភពផែនដីទ្វេដង ហើយក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច-សង្គម និងបរិស្ថានផងដែរ។ នេះគឺជាយុទ្ធសាស្ត្រឈ្នះឈ្នះ សម្រាប់សេដ្ឋកិច្ចកម្ពុជាផង និងសម្រាប់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកលផង។
បន្ថែមពីនេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា «ថ្វីត្បិតតែយើងបានចាត់វិធានការជាច្រើនរួចមកហើយក៏ដោយ ក៏នៅមានការងារជាច្រើនទៀតដែលត្រូវបន្តធ្វើដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យងាកទៅប្រើឧបករណ៍ដែលមិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្តានុពលកម្ដៅសកលទាប ឬសូន្យ។ ទន្ទឹមនេះយើងត្រូវរៀបចំបទប្បញ្ញត្តិផ្សេងៗទៀត ដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនេះឱ្យកាន់តែល្អប្រសើរ រួមមានការធ្វើឱ្យប្រសើរឡើងនូវកូដអគារស្តង់ដារប្រសិទ្ធភាពថាមពល និងដំណោះស្រាយបច្ចេកវិទ្យាត្រជាក់ប្រកបដោយប្រសិទ្ធភាពថាមពលខ្ពស់»។
ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានបង្ហាញក្តីសង្ឃឹមថា “ស្មារតីនៃទិវាអូហ្សូនពិភពលោកនេះ ក្លាយជាក្តីសង្ឃឹមជាអមតៈ និងជាចលករជំរុញឱ្យប្រជាជាតិទាំងអស់ ក្នុងការបន្តចូលរួមទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ក៏ដូចជាដោះស្រាយបញ្ហាបរិស្ថានសកលនានា រាប់ទាំងការប្រែប្រួលអាកាសធាតុផង សំដៅធានាឱ្យបាននូវគុណភាពបរិស្ថានល្អប្រសើរ សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព និងសុខដុមរមនា សម្រាប់មនុស្សជាតិគ្រប់ជំនាន់៕



