«ក្នុងនាមយើងជា មន្រ្តីរាជការស៊ីវិល ជាយុវជនជំនាន់ក្រោយ យើងមានកាតព្វកិច្ច ចាក់ឬសគល់សន្តិភាពកាន់តែជ្រៅ ដើម្បីបន្តមរតក៌សុខសន្តិភាព ការអភិវឌ្ឍនាវាកម្ពុជា អោយកាន់តែរុងរឿងរីកចំរើន ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចតេជោ » នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបាឋកថាស្តីពី «ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា» ជូនគណៈអភិបាលខេត្តស្ទឹងត្រែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរដែនដី មន្ទីរពាក់ពទ្ធ័ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃ អង្គារ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពី «ដំណើររបស់កម្ពុជា» និង «សច្ចៈធម៌ប្រវត្តិសាស្រ្តកម្ពុជា» ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតីដឹកនាំ និងសេចក្តីសម្រេចនានាក្នុងនាមយើងជាមន្រ្តីរាជការស៊ីវិល និងជាប្រជាជនមួយរូប កំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំរកបានដោយកំរ និង ការពារយ៉ាងមុតមាំ។
ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកចំណេះដឹងទាក់ទងនឹង តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានជំនាញទាំង៥ទាក់ទងទៅនឹង ការផ្ទេរភារកិច្ចគ្រប់គ្រងសំរាម សំនល់រឹងទីប្រជុំជន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងទីលានចាក់សំរាម ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការរក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី ការលើកកម្ពស់ជីវភាព និង សុខមាលភាពមន្រ្តីក្រសួងបរិស្ថាន និងប្រជាសហគមន៍ ការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពផ្តោតលើវិស័យបរិស្ថាន យុទ្ធសាស្រ្តផ្សព្វផ្សាយអេកូទេសចរណ៍តំបន់ការពារធម្មជាតិតាមរយៈ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និងបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលគឺការ ដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តីបន្តថា លំនឹងសេដ្ឋកិច្ចមូលដ្ឋាន ជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការគ្រប់គ្រងការងារបរិស្ថាន ដូចនេះ ក្រសួងបរិស្ថានត្រូវថ្លឹងថ្លែងធ្វើយ៉ាងណា រក្សាលំនឹងព្រៃឈើផង និង ការគិតគូរលើកកម្ពស់ជីវភាពមន្រ្តី និងប្រជាសហគមន៍អោយកាន់តែប្រសើរឡើង ជារៀងរាល់ឆ្នាំ។












