នារសៀលថ្ងៃសៅរ៍ ៦កេីត ខែអផ្សុក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០ គ្រួសារ នៅក្នុងភូមិ ស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក លោកស្រី ដែលជាថ្នាក់ដឹកនាំខេត្តជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានជម្រាបជូនថា យោងតាមអនុសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យសាខាត្រូវតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់រងទុក្ខវេទនា ដោយសារយើងមិនបានគិតគួរនោះឡើយ។ ជាក់ស្តែងដោយទទួលបានរបាយការណ៍ ពីអាជ្ញាធរសង្កាត់/ក្រុង និងមើលឃើញពីការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ ទើបថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំផ្តល់អំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣០ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ.២៥ គីឡូក្រាម មី០១កេស ត្រីខ០១យួរ និងទឹកត្រី០១យួរ ទឹកសុទ្ធចំនួន ០២ យួរ នឹង ថវិកា ចំនួន ០៥ មុឺនរៀល ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសូមផ្ដាំផ្ញើ នឹងអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ កុំឱ្យលេងទឹក និងត្រូវចេះថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាប្រចាំ និងចេះការពារជំងឺរាតត្បាតផ្សេងៗជាដើម៕









