ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់២២៧គ្រួសារ…

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក លោកស្រីស្នងការរង ចំនួន២រួប គឺលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង លោកស្រី ឌី សុជាតិ ស្នងការរង ដឹកនាំកម្លាំងនគរបាលស្រុកអមដំណើរនិងការពារជូន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ អាជ្ញាធរស្រុក ខេត្តជាច្រើនរូប ចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយទៅចែកជូនដល់ពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។

អំណោយទាំងនោះត្រូវបាននាំយកទៅចែកផ្ទាល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកព្រះនេត្រព្រះ ចំនួន ១២៧គ្រួសារ លើ០៨ភូមិក្នុងឃុំភ្នំលៀប និងពលរដ្ឋរងគ្រោះដោយទឹកជំនន់មាន ចំនួន១០០គ្រួសារលើ០៦ភូមិ ក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក។ពលរដ្ឋទាំងនេះ ជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ចាស់ជរា និងស្រ្តីមានផ្ទះពោះ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ខ្លាំង។ ក្នុងមួយគ្រួសារទទួលបាន ឃីត១ មានសំភារៈដូចជាៈ១-ត្រីខ៥កំប៉ុង ២-មី១កេះ ៣-ទឹកត្រី ៣ដប ៤-ទឹកស៉ីអ៉ីវ៣ដប ៥-អង្ករ១០Kg ៦-ទឹកសុទ្ធ៣ដប ៧-ថ្នាំពេទ្យ១កញ្ចប់ ៨-សារុង០១
៩-ថវិកា២ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា និងអាជ្ញាធរពាក់ពន្ធ័ ទូទាំងខេត្តបន្ទាយមានជ័័យ ដែលតែងតែយកចិត្តទុកដាក់ បំពេញ តួរនាទី ភារកិច្ចការងារស្នូល ការងារសង្គម និងការជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ប្រកបដោយស្មារតីទទួលខុសត្រូវ។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត។ ហើយត្រូវហាមប្រាម ណែនាំកុមារតូចៗកុំឲ្យលេងទឹកជៀសវាង មានការធ្វេសប្រហែសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ក្នុងករណីចាំបាច់ត្រូវរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕FB_IMG_1664879576317

FB_IMG_1664879567607

FB_IMG_1664879591427

FB_IMG_1664879596563

FB_IMG_1664879609600

FB_IMG_1664879638548

You might like