ព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព ប្រជុំផ្សព្វផ្សាយប្រសាសន៍ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី-ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ រយៈពេល៩ខែ ទិសដៅការងារត្រីមាសទី៤ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំនេះដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោក នាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថចំនួន១៤២រូបផងដែរ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វេីការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងអាវុធហត្ថទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងមានឆន្ទៈក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួនជូនពលរដ្ឋនៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសេីរ ជាមួយការសម្រេចបានជាសមិទ្ធិផលនាពេលកន្លងមក ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់ចេញផែនការ ស្របតាមស្ថានភាពជាក់ស្តែងដែលកំពុងប្រឈមជាមួយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ដែលកំពុងធ្វេីឱ្យប៉ះពាល់ស្ទេីរតែ៩ក្រុង-ស្រុកទូទាំងខេត្ត ដោយលោកបញ្ជាឱ្យគ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំងអស់ត្រូវបែងចែកកម្លាំងដេីម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទៅទីទួលសុវត្ថិភាពនៅតាមគោលដៅរៀងៗខ្លួន ។
ក្រៅពីនោះលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានជម្រុញបន្ថែមដល់មូលដ្ឋានកងរាជអាវុធហត្ថគ្រប់ក្រុង-ស្រុកទាំង៩ ត្រូវធ្វេីការស្រាវជ្រាវបង្ការ បង្ក្រាប រាល់បទល្មេីសដែលកេីតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេសបញ្ហាគ្រឿងញៀន៕











