តាកែវ៖ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកត្រាំកក់ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំងបី លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ មន្រ្តីរដ្ឋបាលចំណុះរដ្ឋបាលស្រុក ព្រមទាំង លោកមេឃុំ លោកមេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលវេទិកានេះបានរៀបចំធ្វើឡើងនៅបរិវេណសាលាស្រុកត្រាំកក់។
ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់គោលបំណង វេទិកានេះ មានគោលបំណង ៖ បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២១ និងផែនការសកម្មភាពជាអាទិភាពបន្ត
-រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២១
-ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន ។
មានប្រសាសន៍នាឱកាសនោះដែរឯកឧត្តមអ៊ូច ភាអភិបាលខេត្តតាកែវ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋានសមិទ្ធផលបញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្តផ្តល់នូវអនុសាសន៍ និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អនិងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានឆ្លើយបំភ្លឺនិងដោះស្រាយនូវសំណូមពរមួយចំនួនដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅក្នុងអង្គវេទិកា រួមមានការស្នើសុំជួសជុលផ្លូវ លូរំដោះទឹកបញ្ហាអគ្គិសនីការផ្ដល់សេវារដ្ឋបាលនិងបញ្ហាគ្រឿងញៀនជាដើម៕







