ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ​ការគិតគូឡើងវិញពីទេសចរណ៍​

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” ដែលប្រព្រឹត្តទៅនៅ មុខសាលាខេត្តកែប ។

តាមរបាយការណ៍ស្វាគមន៍ក្នុងទិវានោះ លោក សោម ចិន្តា ប្រធានមន្ទីរទេសរចណ៍ខេត្តកែប បានបញ្ជាក់ថា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានកំណត់ជាឆ្នាំដំបូង នៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដោយឈរលើទស្សនៈអនាគតទេសចរណ៍ចាប់ផ្ដើមពីថ្ងៃនេះ ដោយបានកំណត់ចក្ខុវិស័យ ជំរុញផលិតកម្ម ការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ ជំរុញការកសាងរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចជាចង្វាក់រួមគ្នា ផ្ដល់អាទិភាពនៃការជំរុញឌីជីថលរូបនីយកម្ម ទៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ លោកប្រធានបន្ថែមថា៖ ដើម្បីអោយកំណើនទេសចរណ៍មកកំសាន្ត​ក្នុងខេត្តកែប​ កាន់តែកើនឡើង គួរផ្ដល់លើសារៈសំខាន់នៃភាពស្អាត នៃទីក្រុង ទីប្រជុំជនសំដៅអោយមានការចូលរួម ធ្វើអោយបរិស្ថានស្អាតប្រកបដោយអនាម័យ សណ្ដាប់ធ្នាប់​របៀបរៀបរយ ធានាបាននូវសុខសុវត្តិភាពពេញលេញ ពិសេសការផ្ដល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអានសាលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ៖ ប្រធានបទ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ “ការគិតគូរឡើងវិញពីវិស័យទេសចរណ៍” ពិតជាឆ្លើយតប នឹងសភាពការណ៍ ទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែលបាននិងកំពុងប្រឈម និងឧបសគ្គជាច្រើន ស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជា ៖ ការអូសបន្លាយ​នៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុជាដើម សុទ្ធតែជាបច្ច័យអវិជ្ជមានដល់ការស្ទុះកំណើនទេសចរណ៍។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្ដរាគមន៍នានាជាបន្ដបន្ទាប់ សម្រាប់ការពង្រឹងភាពធន់ គាំទ្រ ជំរុញ និងស្ដារវិស័យទេសចរណ៍ឡើងវិញ អោយទាន់ពេលវេលា​ និងមានប្រសិទ្ធភាព ផ្ដើមចេញពីផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងជា៣ដំណាក់កាល គឺ ភាពធន់នៃវិស័យទេសចរណ៍ ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំណើរការឡើងវិញឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ក្នុងខ្លឹមសារនៃសារលិខិតនោះបានបង្ហាញពីការរំពឹងទុកថា នៅឆ្នាំ២០២២នេះ កម្ពុជា​ និងទទួលបានទេសចរណ៍អន្ដរជាតិប្រ​មាណ ១,៥លាននាក់ ទៅ២លាននាក់ និងប្រមាណ៧លាននាក់ ក្នុងឆ្នាំ២០២៦។

ខ្លឹមសារលិខិតរបស់សម្ដេចតេជោ ក៏បានអំពាវនាវអោយមានការចូលរួមអោយបានផុសផុលបន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជា ទៅលើទិដ្ឋភាព គុណភាព និងបរិមាណ ប្រកបដោយនិរន្ដរភាព បរិយាប័ន្ន ដើម្បីអោយមានការអភិវឌ្ឍបានជាផ្លែផ្កា ទៅគ្រប់ភាគីពាក់ព័ន្ធ។ ក្រៅពីនេះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់បន្ថែមថា៖ ទិវាទេសចរណ៍ ពិភពលោក ជាព្រឹត្តការដ៏សំខាន់សម្រាប់ជម្រុញភាគីពាក់ព័ន្ធនានារួមមាន ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូរអភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និងអ្នកទេសចរ អោយកាន់តែយល់ច្បាស់ពីតួនាទី និងអត្ថ ប្រយោជន៍ នៃវិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ទិវានេះប្រារព្ធធ្វេីឡើងអមជាមួយព្រឹត្តការណ៍ដើររើសសំរាម ដោយក្នុងនោះរដ្ឋបាលខេត្ត បានបែងចែកជា ៥ក្រុម ដោយមានអភិបាលរងខេត្តដឹកនាំ នៅលើទីតាំងចំនួន ៥ទីតាំងគឺ ចាប់ពីចំណុចផ្សារកែបដល់ផែកោះទន្សាយ ដឹកនាំដោយ លោក ងិន ងិនដា, ពីកំពុងផែកោះទន្សាយរហូតដល់រូបសំណាកស្ដ្រីទ្រត្រីដូហ្វីន ដឹកនាំដោយ លោក ព្រុំ គន្ធិ និងលោកស្រី ទិត សុខា, ពីចំណុចមុខសាលាខេត្ត​ រហូតដល់ជ្រោយដូង ដឹកនាំដោយ លោក វ៉ៅ សុខា, ចាប់ពីចំណុចជ្រោយដូង ដល់ឆ្នេរលេងទឹក ដឹកនាំដោយ លោក ភូ លិ និងពីចំណុចមុខមន្ទីរទេសចរណ៍ រហូតដល់ផ្សាររាត្រី ដឹកនាំដោយ លោក ហ៊ូរ មិថុនា៕FB_IMG_1666002198864 FB_IMG_1666002218904 FB_IMG_1666002209500 FB_IMG_1666002207019 FB_IMG_1666002204533 FB_IMG_1666002201489

You might like