សៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមរួមជាមួយដោយឯកឧត្តម លោកជំទាវជាសហការី បាននាំយកអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ប្រជាជនដែលកំពុងមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ ស្មើនិងអង្ករចំនួន ១០តោន ដោយក្នុង១គ្រួសារ ទទួលបានអង្ករចំនួន ៥០គីឡូក្រាម ដែលពិធីនេះស្ថិតនៅក្នុងបរិវេណសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីមានមតិស្វាគមន៍ និងរាយការណ៍របស់លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចសម្តេចទាំងទ្វេតែងតែបារម្ភពីសុខទុក្ខប្រជាជនខ្មែរយើងទាំងអស់ ជាពិសេសចំពោះបងប្អូន ដែលកំពុងត្រូវបានប៉ះពាល់ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនិងទីទាល់ក្រខ្វះស្បៀង។ ឯកឧត្តមបន្ថែមថា ក្តីបារម្ភរបស់សម្តេចបានបង្ហាញជូនបងប្អូនប្រជាជន តាមរយៈការបញ្ចេញជាបន្ទាន់នូវស្រូវពូជជាច្រើន ពិសេសដំណើរបេសកកម្មរបស់សម្តេចអញ្ជើញចុះជួប និងសំណេះសំណាលជាមួយបងប្អូនប្រជាជនដោយផ្ទាល់នៅខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ធំនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ឯកឧត្តមក៏បានកោតសរសើរ និងវាយខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងខេត្តត្បូងឃ្មុំដែលបានរួមគ្នាដោះស្រាយបញ្ហា តាមរយៈការជួយសង្គ្រោះ ការចែក និងការដឹកជញ្ជូនស្រូវពូជ និងស្បៀងអាហារដូចជាអង្ករជូនដល់ប្រជាជនដែលខ្វះខាតបានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីគណបក្សប្រជាជនកម្ពុជានៅស្រុកតំបែរទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ជាមួយប្រជាជនជានិច្ច ហើយត្រូវបន្តចូលរួមដោះស្រាយនូវរាល់បញ្ហា ជាពិសេសទុក្ខលំបាក និងកង្វះខាតស្បៀងរបស់ពួកគាត់ ដើម្បីជួយសម្រួលដល់ការរស់នៅ និងជីវភាពរបស់ពួកគាត់ឱ្យបានល្អប្រសើរ។ ឯកឧត្តមបន្ថែមថា នេះគឺជាការតបស្នងសងគុណចំពោះបងប្អូនប្រជាជនយើង ដែលពួកគាត់តែងតែបានបន្តគាំទ្របេក្ខភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាកន្លងមក និងបន្តទៅអនាគត់។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថាប្រជាពលរដ្ឋនៃស្រុកតំបែរ និងទូទាំងខេត្តត្បូងឃ្មុំទាំងអស់ដែលដល់អាយុបោះឆ្នោតនឹងទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា ដើម្បីបានចូលរួមជាកតព្វកិច្ចជាប្រជាពលរដ្ឋ ក្នុងការចូលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាបន្តទទួលបានសុខសន្តិភាព ស្ថិរភពសង្គម និងការរីកចំរើនខាងសេដ្ឋកិច្ចបន្តទៀត។
ក្រៅពីអំណោយដ៏ថ្លៃថ្លាដែលជាអង្ករសម្រាប់ចែកជូនប្រជាពលរដ្ឋនារសៀលនេះ ក៏មានការឧបត្ថម្ភជាថវិកា ដោយក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀលផងដែរ។
សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លាដែលជាអង្កររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្តល់មកខេត្តត្បូងឃ្មុំមានចំនួនសរុប ១០០តោន ហើយចំពោះស្រុកតំបែរនៃខេត្តត្បូងឃ្មុំទទួលបានចំនួន ១០តោន។

