នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២
“អបអរសាទរទិវាអន្តរជាតិរំលឹកដល់ជនរង
គ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោមស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ថិតនៅសួនវត្តបទុមវត្តី រាជធានីភ្នំពេញ”។
«យើងទាំងអស់គ្នា ត្រូវចូលរួមដោយស្ម័គ្រចិត្តចេញពីបេះដូងក្នុងយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យរួចផុតពីសេចក្តីស្លាប់ ពិការភាព និងរងរបួសដោយសារឃាតករលាក់មុខ គឺគ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស»។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានខ្លឹមសារជាមូលដ្ឋានដូចខាងក្រោម៖
១.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។
២.សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់ កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល។
៣.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើ
ដំណើរតាមទោចក្រយានយន្ត។
៤.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
៥.ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦.មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៧.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។
៨.មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។
៩.មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជា
ដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។
១០.ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
១១.ហាមការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ។
“ពលរដ្ឋល្អត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចបើកបរត្រូវប្រកាន់ស្ដាំជានិច្ច”៕

