ថ្ងៃព្រហស្បតិ៍ ០៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្មសហការណ៍ជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គកាដៃគូ FAO បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈលើការអនុវត្តការតម្រូវបមាណីយសម្រាប់ថ្នាំកសិកម្មនៅក្នុងគ្រប់សកម្មភាពពាក់ព័ន្ធនឹងផលិតផលនេះ ជាពិសេសផ្ដល់ឱ្យអ្នកលក់ដុំ-លក់រាយថ្នាំកសិកម្មទទួលបានការយល់ដឹងដូចខាងក្រោម៖
ទី១-យល់ដឹងអំពីបទប្បញ្ញត្តិនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈជាបទបញ្ជាគតិយុត្ត បង្ខំឱ្យអនុវត្ត ដើម្បីបញ្ជាសហានិភ័យដែលបង្កដោយការប្រើថ្នាំកសិកម្មពុំមានស្លាកសញ្ញាព័ត៌មានស្របតាមការតម្រូវបមាណីយ ដើម្បីផលប្រយោជន៍របស់កសិករ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង សុខភាពសាធារណៈ និងនិរន្តរភាពនៃបរិស្ថាន។
ទី២-ផ្ដល់ចំណេះដឹងបន្ថែមផ្នែកវិធានបច្ចេកទេសពាក់ព័ន្ធនឹងស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្មឱ្យមានការយល់ច្បាស់ ទៅលើព័ត៌មានបច្ចេកទេស និងរូបសញ្ញា-និមិត្តសញ្ញានៅលើស្លាកសញ្ញាព័ត៌មាននៃផលិតផលថ្នាំកសិកម្ម។
ទី៣-ធានាឱ្យផលិតផលថ្នាំកសិកម្មដែលបានផ្តល់សុពលភាព ផ្គត់ផ្គង់ ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យមានគុណភាព និងប្រសិទ្ធភាពសម្រាប់កសិករទិញយកទៅប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម។
ទី៤-ពង្រឹងចំណេះដឹង និងសមត្ថភាពដល់មន្ត្រីនាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការបញ្ចូលទិន្នន័យក្នុងការអធិការកិច្ចដែលមានភាពងាយស្រួលក្នុងការពិនិត្យមើលប្រវត្តិ និងទិន្នន័យរបស់ក្រុមហ៊ុនបានច្បាស់លាស់៕

