ទីស្នាក់ការគណបក្សស្រុកតំបែរបើកកិច្ច ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣.!

ព្រឹក​ថ្ងៃសៅរ៍២កើតខែបុស្សឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រជុំនាព្រឹកនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តមប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ និងភូមិ ក្រុមការងារគណបក្សមូលដ្ឋាន សមាជិក សមាជិកាគណបក្សចំនួន ៦០០នាក់។

បន្ទាប់ពីលោក នាដ្ធ រ៉ាវុធ គណៈអចិន្ត្រៃយ៍គណបក្សស្រុកតំបែរ បានអានសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សស្រុកតំបែររួចមក មានមតិសំណេះសំណាលក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមអនុប្រធានក្រុមការងារ ឯកឧត្តម លោកជំទាវដែលជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ភូមិ និងសមាជិក សមាជិកាគណបក្សទាំងអស់ដែលបានចុះជួយដោះស្រាយរាល់កង្វល់ ទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរបានយ៉ាងសកម្ម និងល្អប្រសើរ។ ឯកឧត្តមបញ្ជាក់ថា ការងារបម្រើប្រជាពលរដ្ឋ និងការដឹងអំពីសុខទុក្ខរបស់គាត់ គឺជាការតបស្នងសងគុណដែលពួកគាត់បាន និងបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណបក្សប្រជាជនយើងរហូតមក ស្តែងចេញគឺលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សមាជិក សមាជិកាបក្សយើងទាំងអស់ទូទាំងស្រុកតំបែរត្រូវប្តេជ្ញាគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីក និងបន្តធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សឱ្យបាន ព្រោះថាសមាជិកគណបក្ស០១រូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស០១សន្លឹក។ សមាជិក សមាជិកាគណបក្សទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និងយុវជនបក្សត្រូវបន្តសកម្មភាពឱ្យបានសកម្មក្នុងការចិញ្ចឹមចលនាមហាជនតាមភូមិ ឃុំ និងបញ្រ្ជាបអំពីអំពើល្អ សមិទ្ធផល និងសកម្មភាពរបស់គណបក្សក្រោមការដឹកនាំដោយសម្តេចតេជោ ដូចជាជោគជ័យក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩ ការបញ្ចេញប្រាក់ឧបត្ថម្ភដល់ប្រជាជនក្រីក្រ ការរក្សាបានយ៉ាងរឹងមាំនូវសេដ្ឋកិច្ចជាតិ ជញ្ជីងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅតែមានការកើនឡើងជាបន្តបណ្តាប់ ការជោគជ័យក្នុងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងទស្សនកិច្ចរបស់សម្តេចតេជោទៅអឺរ៉ុបកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពស្មើមុខស្មើមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។ ទាំងអស់នេះហើយ ឯកឧត្តមប្រធានសង្កត់ធ្ងន់ថា គីជាក្តីមោទនៈដែលសមាជិក សមាជិកាគណបក្សយើងមិនអាចមើលរំលង ហើយត្រូវផ្សព្វផ្សាយ ដើម្បីធានានូវភាពឈ្នះជូនគណបក្ស។ បន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរវាងសមាជិក សមាជិកាយើងទាំងអស់។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរក្សា និងធានាដល់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋយើង។IMG_20221224_111534_226 IMG_20221224_111540_600 IMG_20221224_111535_677

You might like