កែប៖ លោក ភូ លិ អភិបាលខេត្តកែប បានបៀតបៀនលើស្រីម្នាក់ជាប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀតដោយគប់នឹងកែវស្រាបណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរនេះបើយោងតាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានឱ្យដឹងថា ។
ទង្វើដ៏ឃោឃៅនិងអសីលធម៌ពីសំណាក់លោកភូ លិ អភិបាលរងខេត្តកែបបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងពិធីជប់លៀងឡើងដំណែងរបស់លោកអ៊ិន សៅប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី។
ប្រភពដដែលថ្លែងថា ស្ត្រីរងគ្រោះបែកក្បាលមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន១៦ថ្នេរកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ ។យោងតាមប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្អូន បានទៅចូលរួមពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី នៅចំណុចទល់មុខព្រះរាជដំណាក់យានី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។
ប្រភពបន្ថែមថាជនរងគ្រោះ និងបងប្អូនបានហូបអាហាររួមតុជាមួយក្រុមគ្រួសាររបស់លោក អ៊ិន សៅស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយនៅតុផ្សេង បានដើរមកតុរបស់ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងស្រា និងបានថើបក្បាលឈ្មោះទ.ម.រដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះខូវ ហ៊ុយឡាំង(អ្នកបែកក្បាល) ក្នុងបំណងបៀតបៀន។
ភ្លាមៗនោះ ឈ្មោះ ទ.ម.រ បាននិយាយជាមួយលោក ភូ លិ ថា៖ “លោកធ្វើចឹងមិនសមទេ! ខ្ញុំមានប្ដីហើយសូមលោកកុំធ្វើចឹងវាមិនត្រឹមត្រូវទេ!”។
ពេលនោះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញមួយភ្លែត ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ផង បានក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួន និងត្រូវសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដេរចំនួន ១៦ថ្នេរ។
ប្រភពបាន ឱ្យដឹងទៀតថា បន្ទាប់ពីធ្វើសកម្មភាពរួចយ៉ាងជាក់ស្ដែងយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ច នៅកន្លែងកើតហេតុ មិនបានឃាត់ខ្លួនលោក ភូ លិ ភ្លាមៗឡើយព្រោះលោកជាអភិបាលរងខេត្តកែប ដូច្នេះគ្មានអ្នកណាហ៊ានប៉ះនោះទេ។
ជុំវិញការបង្កហិង្សាលើស្ត្រី ពីសំណាក់លោក ភូ លិ អភិបាលរងខេត្តកែបនេះ ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូងខេត្តកែប បានប្រាប់អ្នកសារព័ត៌មានថា មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ នគរបាលយុត្តិធម៌មិនបានឃាត់ខ្លួនលោក ភូ លិ នៅឡើយទេ។
ឯកឧត្តម ព្រះរាជអាជ្ញា បញ្ជាក់ថា៖ “ខ្ញុំបានដឹងរឿងនេះហើយ។ រឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌នៅឡើយ។ នគរបាលយុត្តិធម៌គេកំពុងមានចំណាត់ការ”។
ក្នុងរឿងនេះ មិនមែនតែជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង ដែលបែកក្បាលនោះទេ គឺមានជនរងគ្រោះឈ្មោះ ទ.ម.រ ដែលរងការបៀតបៀនម្នាក់ទៀត ដែលបានដាក់ពាក្យប្ដឹងលោក ភូ លិ អភិបាលរងខេត្តកែប ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចជួយរកយុត្តិធម៌។
ទាក់ទងករណី ហិង្សា និងបៀតបៀនលើស្ត្រី ដែលបង្កឡើងដោយលោក ភូ លិ អភិបាលរងខេត្តកែបនេះ ក្រុមគ្រួសារ និងជនរងគ្រោះ ព្រមទាំងមហាជនទូទៅ ក៏សូមសំណូមពរដល់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ជូនជនរងគ្រោះ និងចាត់វិធានការលើជនល្មើសទៅតាមផ្លូវច្បាប់ឱ្យសាកសមនឹងទង្វើដែលជនល្មើសបានប្រព្រឹត្ត
គួររម្លឹកថា កាលពីកន្លងទៅក៏ធ្លាប់មានព្រឹត្តិការណ៍ បុរសៗមានបុណ្យស័ក្តិ អំណាច និងលុយ ប្រើប្រាស់ហិង្សាលើស្ត្រី រួមមានលោកឧកញ៉ា សុខ ប៊ុន បានវាយតារាស្រីឈ្មោះ សា សា និងលោកឧកញ៉ា ហេង សៀ បានប្រើហិង្សាលើតារាស្រីឈ្មោះ មាន ពេជ្ររីតា រហូតនាងទ្រាំមិនបានក៏ចាក់ ២កាំបិតតបវិញ។ គ្រានោះ ដោយមានការយកចិត្តទុកដាក់ជួយស្វែងរកយុត្តិធម៌ពីសំណាក់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបស្ត្រីរងគ្រោះទទួលបានយុត្តិធម៌ ហើយជនល្មើសត្រូវទទួលទោសតាមផ្លូវច្បាប់៕

