ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប.!

នារសៀលថ្ងៃចន្ទ ០៩កើត ខែមេឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងអភិបាល និងអភិបាលរងនៃគណៈអភិបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប។

អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសដោយបំបាត់បានទាំងស្រុងនូវបទល្មើសទ្រង់ទ្រាយធំហើយទទួលបានកំណើនផលជលផលមកវិញក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក។

ជាបន្ត គណ:កម្មការបានសម្រេច៖
១-បន្តយុទ្ធនាការប្រចាំការ និងល្បាតបង្ការបទល្មើសក្នុងបឹងទន្លេសាបបន្តទៀត
២-អនុវត្តការបង្ក្រាបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវខ្ពស់សំដៅរក្សាផលប្រយោជន៍យូរអង្វែងរបស់ប្រជាពលរដ្ឋយើង
៣-មេប៉ុស្តិ៍នគរបាលបន្តចលនា និងស្វែងរកដើម្បីដកហូតឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ទាំងក្តៅនិងត្រជាក់ រួមទាំងមងស្បៃមុងដែលបំផ្លាញដល់ការបន្តពូជរបស់ត្រី
៤- បង្កើតប្រព័ន្ធទូរស័ព្ទរហ័ស (Hotline) ក្នុងការជូនដំណឹងដើម្បីតាមដាន និងបង្រ្កាបបទល្មើសនេសាទ
៥-លើសពីនេះទៀតអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាខេត្តនីមួយៗនឹងបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ជលផល និងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រពិតប្រាកដដែលរំពឹងតែទៅលើការនេសាទ ដើម្បីរកមុខរបរផ្សេងដែលលើកកម្ពស់ជីវភាពពួកគាត់ជាងការនេសាទ

ឯកឧត្តមសង្ឃឹមថា តាមរយៈការសហការនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការ ធនធានជលផលធម្មជាតិក្នុងបឹងទន្លេសាបនឹងធានាបាននិរន្ដរភាព៕FB_IMG_1675141701103 FB_IMG_1675141756528 FB_IMG_1675141802013 FB_IMG_1675141752930 FB_IMG_1675141746346 FB_IMG_1675141742865 FB_IMG_1675141737784 FB_IMG_1675141735036 FB_IMG_1675141727124 FB_IMG_1675141723418 FB_IMG_1675141720763 FB_IMG_1675141844294

You might like