ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ.

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមជ័យលាភីចំនួន១១២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ” សម្រាប់អង្គភាពអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពការងារពាក់ព័ន្ធ នៅសាលាភូមិន្ទរដ្ឋបាល។

បន្ទាប់ពីបានស្តាប់នូវមតិស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក នៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមធ្វើកំណែទម្រង់វិស័យសាធារណៈ ពិសេសការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ ធ្វើឱ្យការកែទម្រង់ និងអភិបាលកិច្ចល្អ នៅតាមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការវិវត្តន៍ជាវិជ្ជមាន និងរីកចម្រើនគួរជាទីមោទនៈ។ជាមួយគ្នានេះ ក៏សូមថ្លែងនូវការកោតសរសើរ ចំពោះសាលាភូមិន្ទរដ្ឋបាល និងអគ្គ-លេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គការសហពន្ធ័ស្រ្តីដើម្បីសន្តិភាពសកលលោក (WFWP) សាស្រ្តាចារ្យ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល ដែលបានរួមសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលនេះឡើងប្រកបដោយជោគជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានសន្តិភាពពេញលេញ និងរក្សាបានបូរណភាពទឹកដី សាមគ្គីភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ តាមរយៈនយោបាយឈ្នះ-ឈ្នះ ព្រមទាំងបានកំណត់យក​​​ វិស័យអាទិភាពទាំង៤ “មនុស្ស ទឹក ភ្លើង ផ្លូវ” ដើម្បីប្រមូលផ្តុំជាសសរស្តម្ភគន្លឹះមួយ ក្នុងការកសាងនិងអភិវឌ្ឍប្រទេសឲ្យរីចម្រើន ហើយការអភិវឌ្ឍធនធានមនុស្ស ត្រូវបានកំណត់ជាអាទិភាពទី១។ រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ រួមនឹងសាលាភូមិន្ទរដ្ឋបាល នៅតែចាត់ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈជាកម្មវិធីស្នូលនៃ ការពង្រឹងប្រសិទ្ធភាព ប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្រ្តីរាជការ ការកែលម្អររបៀបរបបចាត់ចែងការងារ និងការលើកកម្ពស់សមត្ថភាពក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាស្របតាមតម្រូវការរបស់សង្គមជាតិ និងសកលលោក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមបន្តគាំទ្របេសកកម្មនិងទិសដៅយុទ្ធសាស្រ្តរបស់សាលាភូមិន្ទរដ្ឋបាល និងបានផ្តល់ការណែនាំឲ្យសិក្ខាកាមទាំងអស់ត្រូវស្មោះត្រង់ចំពោះមនសិការវិជ្ជាជីវៈ ជាតិ សាសនា ព្រះមហាក្សត្រ​ រួមនឹងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និង អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។FB_IMG_1676463146072 FB_IMG_1676463152327 FB_IMG_1676463154710 FB_IMG_1676463170647 FB_IMG_1676463173527 FB_IMG_1676463176578 FB_IMG_1676463179340 FB_IMG_1676463182918

You might like