ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍAFDចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

នាព្រឹកថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Francaise de De’veloppment AFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី តំណាង អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានមានមតិស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Francaise de De’veloppment AFD) ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។

ជាមួយគ្នានោះដែរតំណាងក្រុមហ៊ុនខនភ្លូអិនស៍ Confluences ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD បានធ្វើបទបង្ហាញស្តីពីគម្រោង និងយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍវិស័យឌីជីថលរបស់ក្រុមហ៊ុនជូនដល់អង្គប្រជុំជ្រាបនិងមានមូលដ្ឋានក្នុងការពិគ្រោះយោបល់គ្នាទៅវិញទៅមក។

ឯកឧត្តម ហ៊ុយ វណ្ណៈ អនុប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ដែលបានធ្វើបទបង្ហាញាស្តីពីគម្រាងអភិវឌ្ឍវិស័យឌីជីថលរបស់ក្រុមហ៊ុនជូនដល់ក្រុមការងារក្រសួងមហាផ្ទៃ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមក៏បានណែនាំ និងផ្តល់យោបល់ជូនក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ឱ្យរៀបចំនូវលក្ខណៈឱ្យបានសមស្របសម្រាប់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឌីជីថលនេះ ប្រកបដោយភាពជាក់លាក់ និងឱ្យស្របតាមវិស័យនានារបស់ក្រសួងមហាផ្ទៃ៕FB_IMG_1676621570583 FB_IMG_1676621577694 FB_IMG_1676621590297 FB_IMG_1676621595864 FB_IMG_1676621606532 FB_IMG_1676621599069

You might like