ពិធីសម្ពោធឆ្លងសាលប្រជុំសាលាគុណខេត្តព្រះសីហនុនិងពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីដែលប្រារព្ធធ្វើឡើងនៅវត្តពោធិ៍ពេជ្រគីរីស្ថិតក្នុងឃុំអូរ ឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លង សាលប្រជុំសាលាគុណខេត្តព្រះសីហនុ និងពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅវត្តពោធិ៍ពេជ្រគីរី ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាសមិទ្ធផលនានាក្នុងវត្តពោធិ៍ពេជ្រគីរីកើតឡើងពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយដើម្បីសម្រេចបាននូវសមិទ្ធផល់សម្រាប់តម្កល់ទុកជាសម្បត្តិគរុភណ្ឌក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនាតរៀងទៅ។ អត្ថន័យនៃអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយដើម្បីផ្តល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់។ ជាពិសេសបានផ្ដល់ជាឱកាសសម្រាប់ជជែកពិភាក្សាស្វែងរកនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីជៀសវាងនូវចំណុចអសកម្មមួយចំនួន និងបង្កើតនូវវឌ្ឍនភាពក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនា។

ព្រះរាជាណាចក្រកម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនាដែលក្នុងនោះមាន ការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ រដ្ឋបាលខេត្ត សូមបន្តលើកទឹកចិត្តធ្វើឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំ ប្រជាពលរដ្ឋទូទៅឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី រាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថាឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែង ឆ្ងាយគ្រប់ជ្រុងជ្រោយ បានធ្វើឱ្យប្រទេសជាច្រើននៅជុំវិញពិភពលោក បន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែម ទៀតជាមួយកម្ពុជាយើង ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់។

ទន្ទឹមនឹងការរីកចម្រើនទាំងនេះ យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលបង្កឡើងដោយសារបច្ចេកវិទ្យាទំនើប និងតាមបណ្តាញសង្គមជាដើម។ វិស័យព្រះពុទ្ធសាសនា ចាំបាច់ត្រូវធ្វើការស្វែងយល់ឱ្យច្បាស់ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនរបស់បច្ចេកវិទ្យាដ៏ទំនើបនេះ ដោយបន្តទាញយកប្រយោជន៍ពីបច្ចេកវិទ្យា តាមរយៈការធ្វើសកម្មភាពផ្សព្វផ្សាយនូវទ្រឹស្តី និងអប់រំ ពុទ្ធសាសនិកជនឱ្យប្រតិបត្តិតាមគន្លងនៃសាសនា និងឱ្យចេះរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនាដោយអនុវត្តតាមការណែនាំរបស់អាជាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃក្នុងពេលសំដែងធម្មទេសនាដល់សូមបញ្ជ្រាបការអប់រំការគោរពច្បាប់ចរាចរណ៍ ការបង្ការពីគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់ ពុទ្ធសាសនិកជន និងយុវជនយើង ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តរបស់យើង។

ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បាននាំយកបច្ច័យ និងអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេន និងជូនដល់វត្ត ពោធិពេជ្រគីរី បច្ច័យ ១០,០០០,០០០រៀល ព្រះសង្ឃ ១៣៣អង្គ ក្នុង១អង្គ បច្ច័យ ១០០,០០០រៀល យាយជីតាជី ៣០នាក់ ក្នុង១ម្នាក់ ក្រណាត់១ដុំ និងថវិកា ២០,០០០រៀល ជូនសាលាស្រុកព្រៃនប់ ថវិកា ១,០០០,០០០រៀល មណ្ឌល សុខភាពអូរឧកញ៉ាហេង ថវិកា ៥០០,០០០រៀល និងរៀបចំចង្ហាន់ថ្ងៃត្រង់ប្រគេនព្រះសង្ឃ និងអាហារថ្ងៃត្រង់ជូនគណៈកម្មាការអាចារ្យវត្ត សីលវ័ន្ត សីលវតី ចំនួន ២៤៩ អង្គ/នាក់។FB_IMG_1676964558536 FB_IMG_1676964672738 FB_IMG_1676964669866 FB_IMG_1676964556287 FB_IMG_1676964653992 FB_IMG_1676964646123 FB_IMG_1676964657317 FB_IMG_1676964642456 FB_IMG_1676964636101 FB_IMG_1676964599328 FB_IMG_1676964595119 FB_IMG_1676964592303 FB_IMG_1676964589785 FB_IMG_1676964622170

You might like