នៅព្រឹកថ្ងៃអង្គារិ៍ទី២១ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីអបអរសាទរ ការប្រកាសខេត្តតាកែវ ជាខេត្តអស់មីន ។ អញ្ជើញចូលរួមនាឱកាសនោះ មានវត្តមានឯកឧត្តម ចន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ឯកឧត្តម លោកជំទាវជាគណៈប្រតិភូអាជ្ញាធរមីន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត អស់លោក លោកស្រីជាប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីមូលដ្ឋានភូមិឃុំ ចូលរួមយ៉ាងច្រើនកុះករផងដែរ ។
បើតាមរបាយការណ៍ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានគូសបញ្ជាក់ថា ជំនួសមុខឱ្យប្រជាពលរដ្ឋក្នុងខត្តតាកែវ ខ្ញុំបាទសូមយកឱកាសនេះ គោរពសម្ដែងនូវការគាំទ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាព មីន ក្រោមមូលបទ «ផ្តល់ដ៏មានសុវត្ថិភាព បង្កើតស្នាមញញឹម» ក៏ដូចជាសូមអរគុណដល់សប្បុរសជន នានា ដែលបានបរិច្ចាគថវិកាគាំទ្រ ធ្វើឱ្យខេត្តតាកែវ ក្លាយជាខេត្តទី១១ បន្ទាប់ពីខេត្តស្វាយរៀង រាជធានី ភ្នំពេញ ខេត្តកែប ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានសម្រេចផែនការ ប្រកាសជារាជធានី-ខេត្ត អស់មីន។
ខេត្តតាកែវ សម្រេចបានតាមផែនការកំណត់ ដែលជាលទ្ធផលនៃការបោស សម្អាតមីន និង EOD ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ បានបោសសម្អាតចំការមិនបាន ចំនួន ៧៣ចម្ការ ស្មើនិងផ្ទៃដីចម្ការមីន ៤,៦៧៥,៧៩៧ ម៉ែត្រក្រឡា ក្នុងនោះរកឃើញនិងកំទេចចោលមីន ស្មើជើងចំនួន ២,៨៨៨គ្រាប់ មីនតោនចំនួន ៦១គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣៧,៥៨៣គ្រាប់ គ្រួសារដែលទទួលផលផ្ទាល់និងប្រយោលចំនួន ១៨,៣៤៧គ្រួសារ ស្មើនឹងមនុស្សចំនួន៦៣,០៤៩នាក់ និងចម្ការមីនដែលបានបោសសំអាតគាំទ្រថវិកាដោយគម្រោងសម្ដេចតេជោ“ផ្តល់ដីសុវត្ថិភាព បង្កើត ស្នាមញញឹម» បានបោសសម្អាតចំការមីនបានចំនួន៥៥ចម្ការ ស្មើនឹងផ្ទៃដី ៤,១៩១,៨២៥ ម៉ែត្រក្រឡា ក្នុងនោះបានរកឃើញ និងកំទេចចោលមីនថ្មើរជើងចំនួន ៣២៣គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៤៥៣គ្រាប់ គ្រួសារដែលទទួលផលដោយផ្ទាល់ និងប្រយោលចំនួន ១៨,៣៤៧គ្រួសារ ស្មើនឹង ៦១,៩៤០ នាក់ ៕

