ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ក្នុងស្មារតីដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ជាមួយគ្នានោះ ភាគីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានឯកភាពយកចិត្តទុកដាក់អនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖
-បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ សំដៅរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងសហការ បង្កលក្ខណៈសមស្របដល់ពលរដ្ឋចេញ-ចូលស្របច្បាប់តាមច្រកទ្វារព្រំដែន ដើម្បីធ្វើធុរកិច្ច ទេសចរណ៍ និងសួរសុខទុក្ខគ្រួសារ រួមចំណែកជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
-បង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធជួញដូរមនុស្សឆ្លងដែន សកម្មភាពជួញដូរ និងដឹក ជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតមាននៅតាមតំបន់ព្រំដែន។
-បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសហការដោះស្រាយបញ្ហានានាដោយសន្តិវិធី ផ្អែកលើ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនអំពីបទប្បញ្ញត្តិព្រំដែន ដើម្បីចៀសវាងធ្វើ សកម្មភាព ឬបង្កបាតុភាពអសកម្មផ្សេងៗ នាំឱ្យប៉ះពាល់ដល់ស្ថានភាពដើមនៅតំបន់មិនទាន់ កំណត់ខណ្ឌសីមា។
-បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ នៅព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខឱ្យប្រព្រឹត្តទៅដោយជោគជ័យ។
ទន្ទឹមនោះ ផ្អែកលើមូលដ្ឋាននៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ភាគីទាំងពីរក៏បាន សម្តែងការអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗ ដែលប្រសូត្រចេញពីទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ជាពិសេសសមិទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែន ដែលក្លាយជាមូលដ្ឋានគ្រឹះដ៏មាន សារៈសំខាន់ និងជាកេរ្តិ៍ដំណែលដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានអបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការរក្សាបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាព និងដំណើរការស្ដារ សេដ្ឋកិច្ចសង្គម បន្ទាប់ពីការបើកដំណើរការប្រទេសឡើងវិញ៕

