រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថានលោក Will Parks បានកោតសរសើរកម្ពុជា ដែលបានអនុម័តនូវរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់អង្គការ UNICEF បង្កើតនូវកិច្ចសហការជាមួយក្រសួងបរិស្ថាន។ លោកបានបញ្ជាក់ថា កម្មវិធីក្របខ័ណ្ឌប្រចាំប្រទេសឆ្នាំ២០២៤-២០២៨ នឹងបញ្ចូលការងារប្រែប្រួលអាកាសធាតុ ពិសេសគិតគូរអំពីសុខភាពបរិស្ថាន សម្រាប់កុមារ ទីធ្លាបៃតង ស្អាត និងអនាម័យ ព្រមទាំងការរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់អង្គការ UNICEF ដែលបានធ្វើបេសកកម្មយ៉ាងសកម្មនៅកម្ពុជាកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យអង្គការ UNICEF រៀបចំផែនការថ្មីត្រូវស្របតាមគោលនយោបាយ ស្ថានភាព និងដំណើរវិវត្តន៍របស់កម្ពុជា និងស្នើឱ្យបន្តគាំទ្រលើបញ្ហាសុខភាព និងអាហារូបត្ថម្ភសម្រាប់កុមារ និងជួយជំរុញឱ្យកុមារបានរៀនសូត្រអំពីបំណិនជីវិត។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យអង្គការ UNICEF គាំទ្រលើការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពជាតិ ស្តីពីសុខភាពសិក្សាផងដែរ៕

