បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃពុធ ទី១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមេសាឆ្នាំ២០២៣ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឺមយ៉ាន បានជួបអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តប្រាសាទភាស ដែលស្ថិតនៅ ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់រដ្ឋបាលស្រុកស្វាយចេករួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការផ្ដាំផ្ញើសួរសុខទុក្ខ ថ្វាយប្រគេនពរ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ និងជូនចំពោះ ព្រះថេរនុថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ ក្មួយៗ បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា អង្គការយុវជន វិស័យសាសនា វិស័យឯកជន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធនៅក្នុងស្រុកស្វាយចេក ដែលបានចូលរួមអនុវត្តបានយ៉ាងម៉ឺងម៉ាត់ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅតាមមូលដ្ឋាននានា នៅក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះថេរនុថេរៈគ្រប់ព្រះអង្គ គណៈកម្មាធិការ អាចារ្យវត្ត ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ និងសប្បុរសជននានា ដែលបានសាមគ្គីគ្នាកសាង និងអភិវឌ្ឍជាប្រចាំនូវសមិទ្ធផលនានា នៅក្នុងវត្តប្រាសាទភាស ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលបន្តិចទៀតនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាកសាងបាននូវសន្តិភាពពេញលេញ គឺជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន ដែលបាននាំមកជូនប្រជាជន និងប្រជាជាតិរបស់យើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសតាមរយៈនយោបាយឈ្នះ ឈ្នះ ដោយបញ្ចប់បានទាំងស្រុង នូវសង្រ្គាមរ៉ាំរ៉ៃ បែកបាក់ បែងចែកទឹកដី ទៅជាការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ។
រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពនូវសិទ្ធិសេរីភាពខាងជំនឿ និងការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការខិតខំពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ប្រឆាំងការរើសអើងបែងចែកជំនឿសាសនា ក្នុងគោលបំណងប្រែក្លាយសក្តានុពលសាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជម្រុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា វិស័យពុទ្ធចក្រ នៅក្នុងខេត្តបន្ទាយមានជ័យនៅពេលបច្ចុប្បន្ននេះ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងសុខសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គម តាមរយៈការផ្សព្វផ្សាយព្រះធម៌ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ការអប់រំផ្លូវចិត្ត ការលើកកម្ពស់សីលធម៌រស់នៅប្រជាជនគ្រប់រូប ដើម្បីឲ្យចៀសផុតពីអំពើអបាយមុខទាំងឡាយ ប្រាសចាកសីលធម៌សង្គម និងការអប់រំអំពីគ្រោះថ្នាក់គ្រឿងញៀននិងចាកឆ្ងាយពីគ្រឿងញៀនជាដើម។
ជាទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ព្រះតេជគុណ ព្រះថេរនុថេរគ្រប់ព្រះអង្គ និងសូមណែនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី បងប្អូន ប្រជាពលរដ្ឋគ្រប់រូប និងវិស័យពាក់ព័ន្ធរួមគ្នាការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍមូលដ្ឋានយើង, សហគ្នារៀបចំផែនការ សន្តិសុខ សណ្តាប់ធ្នាប់ និងវិធានសុខាភិបាលនានា ឲ្យបានម៉ត់ចត់នៅតាមវត្តអារាម និងគោលដៅទេសចរណ៍នានា ដើម្បីត្រៀមរៀបចំជូនប្រជាពលរដ្ឋយើង និងអ្នកទេសចរណ៍មកពីខេត្តនានា ចូលរួមសប្បាយកំសាន្តក្នុងសង្រ្កាន្តឆ្នាំថ្មីខេត្តបន្ទាយមានជ័យយើង ដើម្បីចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ, បន្តរួមគ្នាអភិវឌ្ឍ និងធ្វើសុខដុមនីយ៍កម្មគ្រប់ជំនឿ សាសនា ដោយមិនរើសអើងដើម្បីសុខសន្តិភាព ការអភិវឌ្ឍមូលដ្ឋានរបស់យើង និងចេះរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាពនៅក្នុងសង្គមជាតិ ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា និងសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

