ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជីញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធឆ្លងមហាកុដិនិងបណ្ណាល័យ និងសមិទ្ធិផលនានា នៅក្នុងវត្តមុនីហេមវ័នតាវង ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ថ្វាយប្រគេនពរ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ និងជូនចំពោះ ព្រះថេរនុថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ ក្មួយៗ បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះថេរនុថេរៈគ្រប់ព្រះអង្គ គណៈកម្មាធិការ អាចារ្យវត្ត ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ និងសប្បុរសជននានា ដែលបានសាមគ្គីគ្នាកសាងមហាកុដិ និងសមិទ្ធិផលនានា នៅក្នុងវត្តមុនីហេមវ័នតាវង ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលបន្តិចទៀតនេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូម សម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា អង្គការយុវជន វិស័យសាសនា វិស័យឯកជន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកភ្នំស្រុកដែលបានចូលរួមអនុវត្តបានយ៉ាងម៉ឺងម៉ាត់ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា ជាពិសេសគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បី សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅតាមមូលដ្ឋាននានា នៅក្នុងខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រដ្ឋបាលស្រុកភ្នំស្រុករួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ប្រទេសជាតិយើងត្រូវបានទទួលរងនូវការបំផ្លាញគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ធនធានមនុស្ស វត្តអារាម និងសាសនាផ្សេងៗទៀត។ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជាតិទំាងមូលត្រូវបានសង្រ្គោះឲ្យរស់រានមានជីវិត ជួបជុំគ្រួសារ ហើយប្រទេសកម្ពុជាត្រូវបានចាប់ផ្តើមស្តារ និងកសាងជាថ្មីឡើងវិញ ដោយចាប់ផ្តើមពីចំណុចសូន្យ ឬបាតដៃទទេ រហូតដល់យើងទទួលបាននូវសន្តិភាព និងការអភិវឌ្ឍគ្រប់ វិស័យយ៉ាងធំធេងដូចពេលបច្ចុប្បន្ន។ វិស័យសាសនា សង្គម សេដ្ឋកិច្ច សិទ្ធិនិងសេចក្តីថ្លៃថ្នូរ ដែលជាតម្រូវការមូលដ្ឋានរបស់មនុស្សជាតិ ត្រូវបានលើកតម្កើងនិងអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងជាអគ្គមគ្គុទេស្ទក៍ដ៏ឆ្នើម បានធ្វើឱ្យមាតុភូមិកម្ពុជាបោះជំហានទៅមុខយ៉ាងរឹងមាំ ប្រកបដោយសុទិដ្ឋិនិយមលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ បូរណភាពទឹកដី ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយសម្រេចបាននូវសមិទ្ធិផលយ៉ាងត្រចះត្រចង់ទាំងវិស័យអាណាចក្រនិងវិស័យពុទ្ធចក្រ។ វត្តអារាម និងវិហារសាសនាដ៏ទៃទៀតត្រូវបានកសាង និងអភិវឌ្ឍឲ្យក្លាយជាមជ្ឍមណ្ឌលមួយនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិខាងផ្នែកវប្បធម៌ អប់រំ សង្គមកិច្ច និងសីលធម៌សង្គម។
សាសនាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីកសាងសុខសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គម តាមរយៈការផ្សព្វផ្សាយព្រះធម៌ឱវាទ របស់ព្រះសម្មាសម្ពុទ្ធ ការអប់រំផ្លូវចិត្ត ការលើកកម្ពស់សីលធម៌រស់នៅប្រជាជនគ្រប់រូប ដើម្បីឲ្យចៀសផុតពីអំពើអបាយមុខទាំងឡាយ ប្រាសចាកសីលធម៌សង្គម និងការអប់រំអំពីគ្រោះថ្នាក់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀនជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឲ្យអនុវត្តនូវការកែទម្រង់កម្មវិធីនយោបាយ នៃយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដោយផ្តោតអាទិភាពលើវិស័យ៤គឺ “មនុស្ស ផ្លូវ ភ្លើង និងទឹក” ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាប់ៗគ្នាជារៀងរាល់ឆ្នាំ ចំណូលសរុបប្រជាជនម្នាក់ៗ (GDP) បានកើនជាលំដាប់។
ជាទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ព្រះតេជគុណ ព្រះថេរនុថេរគ្រប់ព្រះអង្គ និងសូមណែនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី បងប្អូន ប្រជាពលរដ្ឋគ្រប់រូប និងវិស័យពាក់ព័ន្ធរួមគ្នាការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍមូលដ្ឋានយើង, សហគ្នារៀបចំផែនការ សន្តិសុខ សណ្តាប់ធ្នាប់ និងវិធានសុខាភិបាលនានា ឲ្យបានម៉ត់ចត់នៅតាមវត្តអារាម និងគោលដៅទេសចរណ៍នានា ដើម្បីត្រៀមរៀបចំជូនប្រជាពលរដ្ឋយើង និងអ្នកទេសចរណ៍មកពីខេត្តនានា ចូលរួមសប្បាយកំសាន្តក្នុងសង្រ្កានឆ្នាំថ្មីខេត្តបន្ទាយមានជ័យយើង នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ, បន្តរួមគ្នាអភិវឌ្ឍ និងធ្វើសុខដុមនីយ៍កម្មគ្រប់ជំនឿ សាសនា ដោយមិនរើសអើងដើម្បីសុខសន្តិភាព ការអភិវឌ្ឍមូលដ្ឋានរបស់យើង និងចេះរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាពនៅក្នុងសង្គមជាតិ ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា និងសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

