សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ២ ជំនាន់ទី ១ នៅវិមាន ៧មករា នារសៀល ថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ការអប់រំនយោបាយដល់មន្ត្រី និងយុវជនគណបក្ស គឺជាផ្នែកមួយនៃការងារសតិអារម្មណ៍របស់គណបក្ស ដែលមានគោលដៅបម្រើឲ្យសំណូមពរនៃការពង្រឹងជួរមន្ត្រីគណបក្ស ពិសេស មន្ត្រីបន្តវេនឲ្យមានការយល់ដឹង មានការត្រិះរិះពិចារណាឲ្យបានត្រឹមត្រូវ និងមានការឯកភាពគ្នាខាងទស្សនៈ សតិអារម្មណ៍ គោលជំហរ និងសកម្មភាពក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេចផ្សេងៗរបស់គណបក្ស ។
សម្តេចក៏បានបន្តទៀតថា ការបង្កើតចំណេះ នៅតែជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដែលទាមទារឲ្យមានការរៀនសូត្រជាប់ជាប្រចាំ និងតាមគ្រប់រូបភាព ដើម្បីបង្កើនសមត្ថភាពឥតឈប់ឈរ លើគ្រប់ផ្នែក ក្នុងនោះក៏ត្រូវយកចិត្តទុក្ខដាក់ដល់ការៀនសូត្រពីក្នុងចលនាមហាជន ដែលជាថ្នាលមួយដ៏មានសារៈសំខាន់ ក្នុងការបណ្តុះបណ្តាលបមន្ត្រីគណបក្ស ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិត សង្ឃឹមយ៉ាងម៉ុតមាំថា សិក្ខាកាមដែលទទួលបាននូវការបណ្តុះបណ្តាលក្នុងកម្រិត ២ ជំនាន់ទី ១ នេះ នឹងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ការយល់ដឹងរបស់ខ្លួនឲ្យបានល្អ ដើម្បីរួមចំណែក ក្នុងការពង្រឹង ពង្រីកប្រៀបខ្លាំង ប្រៀបឈ្នះរបស់គណបក្ស ព្រមទាំងធានាបាននូវភាពជាអ្នកបន្តវេនរបស់មន្ត្រីគណបក្ស ៕

