នាព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០២៣នេះឯកឧត្តម វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយប្រគល់ជូនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៥ខ្នង នៅក្នុងស្រុកថ្ពង និងស្រុកបសេដ្ឋ ដែលបណ្តាលឱ្យរងការខូចខាត មានធ្ងន់ មានស្រាល ដែលហេតុការខ្យល់កន្ទ្រាក់នេះ បានកើតឡើងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។
លើកឡើងនាឱកាសនោះឯកឧត្តម វ៉ី សំណាង បានចូលរួមសោកស្តាយ ជាមួយប្រជាពលរដ្ឋរស់ នៅក្នុងឃុំប្រាំបីមុម នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានរងគ្រោះសោយខ្យល់កន្ត្រាក់បំផ្លាញផ្ទះបងប្អូនរហូត ៥៥ខ្នង ធ្វើឱ្យពលរដ្ឋរដ្ឋ ត្រូវប្រឈមនឹងការខូចខាត និងបាត់បង់ផ្ទះសម្បែងគួរឲ្យសោកស្តាយជាពន់ពេក។
ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងទៀតថា ក្រោយទទួលបានដំណឹងដ៏គួរឱ្យសោកស្តាយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឱ្យចុះបន្ទាន់ និងនាំយកជាគ្រឿងឧបភោគ បរិភោគ និងសម្ភារ ទៅផ្តល់ជូន ដើម្បីសម្រួលដល់ការរស់នៅទាំងផ្នែកជីវភាព និងជម្រក។
សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះធ្ងន់រួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,តង់ ១,ឃីត ១កញ្ចប់,និងថវិកា ១០០,០០០រៀល។
ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា ក្រោមការណែនាំរបស់ក្រសួងធនធានទឹក អាកាសធាតុប្រទេសកម្ពុជា គឺការប្រែប្រួលដែលអាចបង្កជាភ្លៀង និងខ្យល់កន្ត្រាក់ ព្រមទាំងគ្រោះធម្មជាតិផ្សេងៗនៅគ្រប់ទីកន្លែង។ ដូច្នេះដើម្បីជៀសផុតពីគ្រោះធម្មជាតិទាំងនេះពលរដ្ឋ ទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពិសេសកូនចៅតូចៗ និងមនុស្សចាស់ជរាផងដែរ៕

