(ភ្នំពេញ)៖ ពិធីដង្ហែជាប្រវត្តិសាស្ដ្រដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC នេះ មានការចូលរួមពីលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ, លោក Atsaphangthong Siphansone អភិបាលរដ្ឋធានីវៀងច័ន្ទន៍, លោក Slunaxay Sounnalath រដ្ឋមន្ដ្រីការិយាល័យនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីឡាវ ព្រមទាំងមន្ដ្រីជាន់ខ្ពស់ឡាវ និងឯកអគ្គរាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំប្រទេសឡាវជាច្រើនផងដែរ។
ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចាប់ផ្ដើមហើយ នៅថ្ងៃទី២៥ ខែមេសានេះ មានអ្នកចូលរួមប្រមាណជាង ១,៥០០នាក់ ដោយផ្ដើមចេញដំណើរពីស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ នឹងបញ្ចប់នៅក្នុងបរិវេណចេតិយវត្តប្រាថាតហ្លួង(Pra That Laung) ដែលមានចម្ងាយជិត ៦គីឡូម៉ែត្រ ។
លោក ហោ សារុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅសល់ ១០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងឈានដល់ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ ដូច្នេះពិធីដង្ហែនេះ គឺជាវិធីដ៏ល្អមួយ ក្នុងការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ជាមួយប្រទេសជាមិត្តក្នុងតំបន់ ដ្បិតឡាវ គឺជាប្រទេសក្រោយគេក្នុងតំបន់ដែលបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា មុនដង្ហែត្រឡប់ចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខ។
សកជនពិសេសកម្ពុជាខាងលើ បន្ដថា «នៅកម្ពុជា កីឡារស់ក្នុងសន្ដិភាព និងរីកចម្រើនក្នុងសន្ដិភាព។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យើងធ្វើការរួមគ្នាប្រកបដោយសុខដុមរមណីយកម្ម នៅក្រោមម្លប់សន្ដិភាពប្រកបដោយភាពសុខដុមរមនា ។ យើងមានមោទនភាពសូមប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។ អ្វីដែលពិសេស គឺជាជាព្រឹត្តិការណ៍ប្រកួតអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ និងផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ រួមជាមួយការមិនតម្រូវឲ្យប្រតិភូកីឡាមិនបង់ប្រាក់ផងដែរ ។ សូមអញ្ជើញអ្នកគាំទ្រឡាវ ទៅកាន់កម្ពុជា និងបង្ហាញ់ការគាំទ្រដល់ក្រុមកីឡាជម្រើសជាតិខ្លួន»។
«កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប៉ុណ្ណោះទេ តែកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងអ្នកទស្សនាផងដែរ ។ កម្ពុជាបានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជាឆ្នាំដ៏ល្អ សម្រាប់ទេសចរមកទស្សនាកម្ពុជា ហើយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣” គ្រប់ថ្ងៃសុទ្ធតែអច្ឆរិយៈផងដែរ ។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា ។ កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា» ។ ពិធីដង្ហែព្រះអគ្គិជ័យកីឡានៅពេលនេះ បានជំរុញឲ្យប្រទេសកម្ពុជា ថៃ សហប្រតិបត្តិការរួមគ្នាលើវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងជំរុញដល់វិស័យទេសចរណ៍ថែមទៀត ។ លោក ហោ សារុន បន្ថែម ។
គួរដឹងថា ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជោគជ័យ និងទទួលបានការគាំទ្រយ៉ាងផុសផុលជាបន្ដបន្ទាប់ នៅប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា មុនបន្ដរៀបចំដោយទទួលបានជោគជ័យនៅទីក្រុងវៀងច័ន្ទន៍ថ្ងៃនេះ ។
តាមការគ្រោងទុកក្រោយពិធីដង្ហែនៅឡាវ ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្ដដំណើរពីទីក្រុងវៀងច័ន្ទន៍ ទៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នាថ្ងៃទី២៦-មេសា មុនពិធីដង្ហែត្រឡប់ចូលកម្ពុជាវិញ នាថ្ងៃទី២៧-មេសា តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង ដោយនឹងមានមន្ដ្រីជាន់ខ្ពស់កម្ពុជា មានទទួលស្វាគមន៍នៅព្រំដែនអន្ដរជាតិខាងលើ ជាមួយការចូលរួមដង្ហែ និងអបអរសាទរពីមន្ដ្រី ព្រមទាំងកីឡាករ-កីឡាការិនីឡាវ ពីទីក្រុងប៉ាក់សេ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋខេត្តស្ទឹងត្រែង និងខេត្តពាក់ព័ន្ធត្រៀមទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡា ពេលដង្ហែត្រឡប់មកកម្ពុជាវិញផងដែរ ៕

