ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនិងប្រគល់ ភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលទើបប្រកាសចូលកាន់មុខតំណែងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបន្តការប្រឹងប្រែង សហការគ្នា សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបបម្រើអង្គភាព និងប្រជាពលរដ្ឋ រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាស់តឿន ដល់ឯកឧត្តមស្នងការ ក្នុងនាមជាប្រធានអង្គភាពត្រូវមានការទទួលខុសត្រូវខ្ពស់ លើការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព។ ចំពោះមន្ត្រី បើធ្វើល្អត្រូវមានការលើកទឹកចិត្ត ទទួលការលើកសរសើរ បើធ្វើខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់ ហើយមន្ដ្រីត្រូវតែផ្ដល់ការគាំទ្រដល់ប្រធានអង្គភាពផងដែរ។

ស្របជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានជំរុញប្រធានអង្គភាព ត្រូវខិតខំពង្រឹងបន្ថែមរបៀបរបបធ្វើការងារប្រចាំថ្ងៃឱ្យបានល្អ, ត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដើម្បីទទួលយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ដើម្បីដាក់ចេញឱ្យអនុវត្ត។ ផែនការងារសន្តិសុខដើរតួសំខាន់ ឈានដល់ការគ្រប់គ្រងមុខសញ្ញា ដើម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មើស។

ដោយឡែក ការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ ត្រូវអនុវត្តជាប្រចាំ ដោយមានការចូលរួមពីគណៈបញ្ជាការឯកាព ហើយមានការដឹកនាំបញ្ជាដោយតំណាងអយ្យការ។ លើសពីនេះ ត្រូវពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឱ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង។

បន្ថែមពីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឱ្យបន្ដអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្រាប់ករណីគ្រឿងញៀន ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលេង) ១រាយការណ៍គ្រប់ករណី។ ក្នុងករណីកម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌ ដូចប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកឱ្យប្រធានអង្គភាព ត្រូវពង្រឹងក្រមសីលធម៌ ពាក្យសំដី និងកាយវិការដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីចរាចរណ៍ និងមន្ត្រីតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវមានការរៀបចំហ្វឹកហាត់ក្បាច់គុណ តាមបណ្តាអង្គភាព ផ្តោតសំខាន់លើមន្ត្រីផ្នែកចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន និងផ្នែកអន្តរាគមន៍, គ្រប់អង្គភាពត្រូវរៀបចំត្រួតពិនិត្យកម្លាំង ឧបករណ៍សម្ភារផ្សេងៗឱ្យបានល្អ ជាមួយនឹងការរៀបចំផែនការច្បាស់លាស់ ដើម្បីគ្រប់គ្រងសភាពការណ៍ណាមួយដែលកើតឡើងជាយថាហេតុ, ត្រូវពង្រឹងវិន័យ កាត់សក់ខ្លី ស្លៀកពាក់ឯកសណ្ឋាននគរបាលឱ្យបានត្រឹមត្រូវ ស្អាត សមជាកងកម្លាំងនគរបាលជាតិ៕FB_IMG_1693471568315 FB_IMG_1693471978475 FB_IMG_1693471495613 FB_IMG_1693471469088 FB_IMG_1693471474602 FB_IMG_1693471477343 FB_IMG_1693472008582 FB_IMG_1693471505073 FB_IMG_1693471525161 FB_IMG_1693471542314 FB_IMG_1693471546571 FB_IMG_1693471550817

You might like