ព្រឹកថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៣ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានខ២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេកបានដឹកនាំក្រុមការងារ(ខ២៧ )ចុះជួយឃុំទាំង៨ របស់ស្វាយចេក អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សខេត្តបន្ទាយមានជ័យ។
ពិធីនេះប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កែ គឹមយ៉ានសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេបក្ស ទាំង០៩ស្រុក-ក្រុង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សគ្រប់មជ្ឈដ្ឋាន ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងគាំទ្រយ៉ាងធំធេងដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍប្រទេសជាតិ នៅអាណត្តិទី៧ និងអាណត្តិក្រោយៗទៀត។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្តដោយវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ឃុំ សង្កាត់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធ ដែលបានបង្កបរិយាកាសល្អប្រសើរ និងខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ធ្វើឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កន្លងមកនេះប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ អព្យាក្រឹត និងជោគជ័យ ស្របតាមគោលការណ៍ច្បាប់ និងប្រជាធិបតេយ្យ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់សមាជិកត្រូវបន្តរួមគ្នាការពារដាច់ខាតនូវជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍ បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តដោះស្រាយរាល់ការសន្យា បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ អត្ថប្រយោជន៍សង្គមផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារគណបក្សគ្រប់ថ្នាក់ ឯកឧត្តម កែ គឹមយ៉ាន ក៏បានផ្តល់នូវប័ណ្ណសសើរ លិខិតថ្លែងអំណរគុណ និងរង្វាន់លើកទឹកចិត្តដល់គណបក្សគ្រប់ថ្នាក់សរុបរួមជាថវិកាចំនួន២១៦លាន៩០០ពាន់រៀល និងរៀបចំអាហារសាមគ្គីជាមួយសមាជិក សមាជិកា អង្គប្រជុំទាំងមូលប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕

