ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មន្ត្រីក្រុមប្រតិបត្តិសាខា បានដឹកនាំយុវជន កក្រក នៃវិទ្យាល័យហ៊ុនសែនតាខ្មៅ និងវិទ្យាល័យហ៊ុនសែនសេរីភាព សរុបចំនួន ២៨ នាក់ ស្រី ១២នាក់ និងមានការចូលរួមពីកម្លាំងនគរបាលចរាចរណ៍ក្រុង ,កម្លាំងប៉ុស្តិ៍ និងមន្ត្រីជំនាញការិយាល័យចរាចរណ៍នៃមន្ទីរសាធារណការ ដឹកជញ្ជូនខេត្ត សរុប ១៤នាក់ បានចុះអនុវត្តការងារផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចណ៍នៅចំណុចផ្លូវកែងស្តុប ២គោលដៅ ក្នុងក្រុងតាខ្មៅ ។
ជាលទ្ធផលសម្រេចបាន ៖ អ្នកចូលរួមនៅតាមដងផ្លូវ សរុបចំនួន ៨៦៨នាក់ ក្នុងនោះ ប្រុស ៤៩៧នាក់ ,ស្រី ៣៧១នាក់ បានផ្សព្វផ្សាយខិត្តប័ណ្ណចរាចរណ៍ បានចំនួន ២៧៨ច្បាប់ និងមានការផ្សព្វផ្សាយសារសម្លេងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈឧគ្ឃោសនសព្ទនៅចំណុចស្តុបគោលដៅផងដែរ ។
ចំពោះការអនុវត្តសកម្មភាពនេះ គឺក្នុងគោលបំណងចូលរួមលើកកម្ពស់ការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណជនទូទៅដែលបាននិងកំពុងធ្វើដំណើរនៅលើផ្លូវសាធារណៈ ឲ្យពួកគាត់បានយល់ដឹងកាន់តែប្រសើរ ពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងចូលរួមគោរពនូវភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា ស្លាកសញ្ញា ដើម្បីចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានពិការភាព ,បាត់បង់ជីវិតមនុស្ស ,ការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈរបស់រដ្ឋជាដើម ៕.

